Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​នឹង​ប្រើ​វិធានការ​តាមច្បាប់ ចំពោះ​ជន​ទាំងឡាយណា​ដែល​ជួបជុំ​គម្រប់​ខួប​៤​ឆ្នាំ​ នៃ​មរណភាព​លោក កែម ឡី នៅ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច

​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌចំការមន​បាន​ព្រមាន​ថា នឹង​ប្រើប្រាស់​នូវ​វិធានការ​តាមច្បាប់ ចំពោះ​ជន​ទាំង​ណា ដែល​ជួបជុំ​គម្រប់​ខួប​៤​ឆ្នាំ​ នៃ​មរណភាព​លោក កែម ឡី នៅ​បរិវេណ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ស្តុ​ប​បូកគោ។​

​អាជ្ញាធរ​ខណ្ឌចំការមន បាន​ឲ្យ​ដឹងថា ដោយសារ​មានការ​សំណូមពរ ពី​ម្ចាស់​ស្ថានីយ​កាល់​តិច ស្តុ​ប​បូកគោ ក្រោយ​ទទួលបាន​ដំណឹង​ពី​គម្រោង​របស់​ជន​មួយចំនួន ចង់​ជួបជុំ​ប្រារព្ធ​ខួប​៤​ឆ្នាំ នៃ​មរណភាព​លោក កែម ឡី នៅ​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែកក្កដា​។​

​រដ្ឋបាល​ខណ្ឌចំការមន​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​សារព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ផ្សេងៗ​បាន​អះអាងថា នឹងមាន​ការរៀបចំ​ពិធី​ជួបជុំ គម្រប់​ខួប​៤​ឆ្នាំ នៃ​មរណភាព​របស់លោក កែម ឡី ដែល​ត្រូវធ្វើ​ការជួបជុំ​ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ នៅ​បរិវេណ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ស្តុ​ប​បូកគោ ស្ថិតនៅ​ក្នុងភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ​។​

​តាមរយៈ​ព័ត៌មាន​នេះ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​បានស្នើ​សុំ​មក​អាជ្ញាធរ​ឱ្យជួយ​ចាត់វិធានការ​នានា ដើម្បី​ធានា​នូវ​ប្រក្រតីភាព​នៃ​ការប្រកប​អាជីវកម្ម សណ្ដាប់ធ្នាប់​សាធារណៈ សន្តិសុខ និង​ធានាបាន​នូវ​ហានិភ័យ​​នៃ​អគ្គិភ័យ ដែល​អាច​កើតមាន​ជាយថាហេតុ នៅក្នុង​ស្ថានីយ​ប្រេង​។​

ដោយ​យោងតាម​សំណូមពរ​ខាងលើ​ផ្អែក​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា រដ្ឋបាល​ខណ្ឌចំការមន នឹង​ចាត់វិធានការ​មិនឱ្យ​មាន​ការជួបជុំ​នៅ​ទីតាំង​ខាងលើ​ឡើយ​ដោយ​មូលហេតុ​ដូចជា មានការ​ស្នើសុំ​ពី​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​។ ដើម្បី​ធានាបាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​។ យោងតាម​ស្មារតី​នៃ​ច្បាប់​ស្ដីពី​ការធ្វើ​បាតុកម្ម ដោយ​សន្តិវិធី អ្នក​ចង់​សម្ដែង​មតិ​ត្រូវ​ជួបជុំ​នៅ ទីលាន​ប្រជាធិបតេយ្យ និងស្ថាន​ភាព​ជំងឺ​កូ​វីដ​១៩ កំពុង​រីក​រាលដាល​ជា​សាកល ក្រសួងសុខាភិបាល បាន​បិទ​នូវ​ការជួបជុំ គ្រប់​ប្រភេទ​នៅ​ទូទាំងប្រទេស​។​

រដ្ឋបាល​ខណ្ឌ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការអនុវត្តន៍ វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ចំពោះ​ជន​ទាំងឡាយណា ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​។​

រដ្ឋបាល​ខណ្ឌចំការមន ក៏បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នឹងចូលរួម​សហការ អនុវត្ត​ជាមួយ​រដ្ឋបាល​ខណ្ឌចំការមន ដើម្បី​សង្គមជាតិ​យើង​។​

​សូមបញ្ជាក់ថា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែមីនា ឆ្នាំ​២០១៧ ដោយបាន​ចោទប្រកាន់ថា ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ បាន​បាញ់សម្លាប់​លោក កែម ឡី ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង​កាន់កាប់​អាវុធ​ដោយ​មិនបានការ​អនុញ្ញាត ជាប់គុក​មួយជីវិត​។​

​ចំណែក​លោក​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ជួប សំលាប់ បាន​បញ្ជាក់ថា នេះ​ជា​រឿង​អយុត្តិធម៌​ចំពោះ​កូនក្តី​របស់លោក ហើយ​លោក​ថា នឹង​ពិភាក្សា​ជាមួយ​កូនក្តី​ដើម្បី​ប្តឹងទៅ​ឧទ្ធរណ៍ សុំ​ឲ្យ​បន្ធូរ​បន្ថយទោស​ដល់​កូនក្តី​របស់លោក​។​

​ឃាតករ ជួប សម្លាប់ បាន​ប្រើប្រាស់​កាំភ្លើងខ្លី បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ ១០ កក្កដា ២០១៦ ក​ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ CALTEX ស្តុ​ប​បូកគោ នៅ​រាជធានី​ភ្នំពេញ ៕ ​ដោយ​៖​កូ​ឡាប​

រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
×