សៀមរាប៖មន្ទីរកសិកម្មខេត្តសៀមរាបបានហាមឃាត់ការធ្វើអាជីវកម្មទិញលក់សម្រាប់ពិឃាតសត្វសុនខគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត។ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបបានថ្លែងបែបនេះកាលពីថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2020។
បើតាមប្រធានមន្ទីរកសិកម្មបានលើកឡើងថាការហាមឃាត់ធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខនេះយោងតាមច្បាប់ស្ដីពីសុខភាពសត្វនិងផលិតកម្មសត្វនិងយោងតាមកិច្ចប្រជុំនិងទទួលការណែនាំពីគណៈអភិបាលខេត្តសៀមរាបឯកឧត្តមទៀ សីហា។
បើតាមសេចក្តីជូនដំណឹងស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់និងពិឃាតសត្វសុនខ បានឲ្យដឹងថា ខេត្តសៀមរាបជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាប្រាង្គប្រាសាទវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផងគ្មានពីលើលោកយើងនេះ។ តាំងពីបុរាណកាលរៀងមកសត្វសុនខត្រូវបានប្រជាជនទូទាំងពិភពលោកជាពិសេសប្រជាជនខ្មែរយើងចាត់ទុកជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្សហើយសត្វសុនខមានគុណតម្លៃណាស់សម្រាប់ការពារផ្ទះចំការហ្វូងសត្វជួយក្នុងវិស័យយោធាបានល្អទៀតផង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខដើម្បីធ្វើជាម្ហូបអាហារមានភាពអាណាធិបតេយ្យនឹងកើនឡើងគួរឲ្យព្រួយបារម្ភ។ នេះជាសញ្ញាមួយបង្ហាញថាមានការធ្លាក់ចុះនៅតម្លៃមនុស្សធម៌គុណធម៌សុខភាពសាធារណៈនេះបើយោងតាមការសិក្សាស្រាវជ្រាវពីអង្គការសុខភាពពិភពលោកនិងអង្គការហ្វរផរ។
បើតាមប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបានបញ្ជាក់ថាការដើរទាក់ទិញលក់និងពិឃាតសត្វអាណាធិបតេយ្យគ្មានច្បាប់ទម្លាប់ផ្ទុយនឹងខ្លឹមសារនៃច្បាប់ស្ដីពីសុខភាពសត្វនិងផលិតកម្មសត្វដែលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរតាមមាត្រា១១២, ១១៣ , ១១៥ នៃច្បាប់នេះ។ អាស្រ័យហេតុនេះមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តហាមឃាត់ការធ្វើអាជីវកម្មទិញលក់សម្រាប់ពិឃាតសត្វសុនខគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត។
មន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តសៀមរាបសង្ឃឹមយ៉ាងមុតមាំថាបងប្អូនអាជីវកម្មទិញលក់ពិឃាតសត្វសុនខទាំងអស់និងសាធារណជនទាំងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ចំណែកលោកហេង រតនា អគ្គនាយកស៊ីម៉ាក់បានប្រកាសសូមអបអរសាទរនិងកោតសរសេីរដោយស្មោះអស់ពីដួងចិត្តចំពោះឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលបានសម្រេចដាក់ច្បាប់ហាមឃាត់ការធ្វេីអាជីវកម្មទិញ-លក់ពិឃាតសត្វសុនខ។ ស្មារតីនៃការសម្រេ ចចិត្តនេះ ប្រកបដោយគុណធម៌ ដេីម្បីលេីកកម្ពស់សីលធម៌ និងវប្បធម៌ជាតិខែ្មរយេីងឱ្យកាន់តែល្អផូរផង់ឡេីងវិញ៕ ដោយ៖កូឡាប