Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ​នៃ​កម្ពុជា​៖ វិស័យ​ធនាគារ​បន្ត​មាន​វឌ្ឍនភាព​ប្រកបដោយ​ទំនុកចិត្ត និង​បានរួម​ចំណែក​យ៉ាងសកម្ម​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​

​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ ថា​សេដ្ឋកិច្ចពិភពលោក​កំពុង​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ហើយ​សេដ្ឋកិច្ចកម្ពុជា​ក៏បាន​ទទួល​ឥទ្ធិពល​អវិជ្ជមាន​នេះ​ផងដែរ ជាពិសេស​វិស័យ​ទេសចរណ៍ កម្មន្តសាល និង​សំណង់​។ ប៉ុន​តែ​រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។ ​ជា មួយគ្នានេះ វិធានការ​គាំទ្រ​ចំពោះ​វិស័យ​ដែល​ប៉ះពាល់​និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ត្រូវបាន​ដាក់​ជា​បន្បន្ទាប់ ដែល​បាន​កាត់បន្ថយ​ផលប៉ះពាល់​និង​រក្សា​និរន្តរភាព​នៃ​អាជីវកម្ម​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្តថា​ជញ្ជីងទូទាត់​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​អតិរេក ដោយសារ​លំហូរ​ចូល​គណនី​ហិរញ្ញវត្ថុ​នៅតែ​អាច​ផាត់ទាត់​ការកើនឡើង​ឱនភាព​គណនី​ចរន្ត​ដែល​បណ្តាលមកពី​ការធ្លាក់ចុះ​ចំណូល​ពី​ទេសចរ និង​ប្រាក់​បង្វែរ​របស់​ពលក​រ​ក្រៅប្រទេស​។ ទុនបម្រុង​អន្តរជាតិ​រក្សាបាន​កម្រិត​ខ្ពស់ ដែល​អាច​ធានា​ការ​នាំចូល​ទំនិញ​និង​សេវា​សម្រាប់​គ្រា​បន្ទាប់​ប្រមាណ ១០​ខែ ខ្ពស់ជាង​កម្រិត​អប្បបរមា​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន ៣​ខែ​។​

​អតិផរណា​រួមមាន​កម្រិត​ទាប​ក្នុង​អត្រា ២,៥% ដោយសារ​ការធ្លាក់​ថ្លៃ​ក្រុម​ទំនិញ​និង​សេវា​ពាក់ព័ន្ធ​នឹង​ប្រេងឥន្ធនៈ ដែល​បាន​បន្ថយ​សម្ពាធ​នៃ​កំណើន​ថ្លៃ​ក្រុម​ម្ហូបអាហារ​។ ជាមួយគ្នានេះ អត្រា​ប្តូរ​ប្រាក់រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​បាន​កើនឡើង​បន្តិច​។ រូបិយវត្ថុ​ទូទៅ M2 មាន​កំណើន ១១,៥%​មាន​កំណើន​ទាប​ជាង​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​ចំនួន ២៣,៤​ភាគរយ​។ កំណើន​ទាប​នេះ​ដោយសារ​កត្តា​ចម្បង​បណ្តាលមកពី​កំណើន​ទាប​នៃ​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ ៧២ ភាគរយ ដោយសារ​ការថយចុះ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក ទោះបីជា​ប្រាក់​បញ្ញើ​ជា​រៀល​បាន​បន្ត​កើនឡើង​ខ្ពស់ (៤១%) ក៏ដោយ​។

​ចំពោះ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ទម្លាក់​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​លើ​ប្រាក់​បញ្ញើ​និង​កម្ចី​អ​និវាសជន​មក​ត្រឹម ៧% ដែល​អាច​ផ្តល់​សន្ទនីយ​ភាព​បន្ថែម​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​។

​អត្រា​ការប្រាក់​លើ​មូល​ប​ត្រ​អាច​ជួញដូរ​បាន NCD និង​ប្រតិបត្តិ​ការផ្តល់​សន្ទនីយ​ភាព​ដោយ​មានការ LPCO ក៏ត្រូវ​បាន​បន្ទាប​ចាប់ពី​ខែមីនា​មក ដើម្បី​បង្កើន​កម្រិត​សន្ទនីយ​ភាព​ក្នុង​ប្រព័ន្ធ​ធនាគារ និង​កាត់បន្ថយ​ថ្លៃដើម​លើ​ប្រាក់កម្ចី​ជា​រៀល​។​

​ការចេញផ្សាយ​មូល​ប​ត្រ​អាច​ជួញដូរ​បាន NCD និង​ប្រតិបត្តិ​ការផ្តល់​សន្ទនីយ​ភាព​ដោយ​មានការ LPCO​បាន​កើនឡើង ២,១​ទ្រី​លាន​រៀល និង ១៣,៤​ប៊ី​លាន​ដុល្លារ​រៀង​គ្នា ។ ចំណែកឯ​ប្រតិបត្តិការ LPCO ត្រូវបាន​ធ្វើឡើង​ចំនួន ១២​លើក ដោយ​ទំហំ​ទឹកប្រាក់​ដេញថ្លៃ​ឈ្នះ​បាន​កើនឡើង ដល់ ៨ ទ្រី​លាន​រៀល​។​

​វិស័យ​ធនាគារ​បន្ត​មាន​វឌ្ឍនភាព​ប្រកបដោយ​ទំនុកចិត្ត និង​បានរួម​ចំណែក​យ៉ាងសកម្ម​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ដោយ​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បាន​កើនឡើង ១៧,៤​ភាគរយ , ឥណទាន​កើន​១៩​ភាគរយ និង​ប្រាក់​បញ្ញើ​កើនឡើង ១២​ភាគរយ​។​

​វិធានការ​គាំទ្រ​ក្នុង​វិស័យ​ធនាគារ​ចំពោះ​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩ រួមមាន​៖ i/- ការទម្លាក់​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​ដែល​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ត្រូវ​រក្សា​នៅ​ធនាគារជាតិ​នៃ​កម្ពុជា ក្រោយ​ទទួលបាន​ប្រាក់​បញ្ញើ​អតិថិជន​និង​កម្ចី​ពី​បរទេស ii/- ការពន្យារ​ការអនុវត្ត​ការពង្រឹង​ទ្រនាប់​ដើមទុន​បន្ថែម និង​ការទទួលស្គាល់​ប្រាក់ចំណេញ​ក្នុង​ត្រីមាស​ក្នុងការ​គណនា​ដើមទុន និង iii/- ការផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ តាមរយៈ​ប្រតិបត្តិ​ការផ្តល់​សន្ទនីយ​ភាព​ដោយមាន​ការធានា​។

​លើសពីនេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​កិច្ចការពារ​អតិថិជន ដោយបាន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​បញ្ជ្រាប​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សាធារណជន ការផ្សព្វផ្សាយ​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅតាម​មូលដ្ឋាន ការដោះស្រាយ​បណ្តឹង​អតិថិជន​៕ ដោយ ៖ CEN

×