ភ្នំពេញ៖ កសិផលរបស់កម្ពុជា មិនថា ដំឡូងមី ម្រេច ពោត ឬស្រូវនោះទេ តែងតែមានការប្រែប្រួលតម្លៃលក់នៅទីផ្សារ នៅពេលមានការប្រមូលផលម្ដងៗ។ ប៉ុន្តែនៅឆ្នាំនេះ មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា តំលៃដំឡូងមីនៅទីផ្សារឆ្នាំនេះ ហាក់ មានភាពល្អប្រសើរជាងឆ្នាំមុន ដោយនៅក្នុងនោះ តម្លៃទីផ្សារដំឡូងមី សម្រាប់ដំឡូងមីស្រស់ ឈ្មួញឱ្យតម្លៃ ១គីឡូក្រាម រហូតដល់ ២,១ បាត (ប្រាក់ថៃ) ឬស្មើនឹងជាង ២៨០រៀល។ ចំណែកដំឡូងមីស្ងួត មានតម្លៃពី ៧០០រៀល ទៅ ៧៣៣រៀល ក្នុងមួយគីឡូក្រាម។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា នាដើមរដូវវស្សានេះ ផ្ទៃដីប្រមាណ ៥ ម៉ឺន ៦ ពាន់ហិកតា ជា ក្នុងខេត្ត បានដាំដំណាំរួមផ្សំជាច្រើនមុខ ក្នុងនោះ ដំណាំដំឡូងមី ដែលកសិករបានដាំដុះរួចហើយ ប្រើប្រាស់ផ្ទៃដីប្រមាណជិត ៤ ម៉ឺនហិចតា ស្មើនិង ៩០% នៃផ្ទៃដីរួម។
ប្រធានមន្ទីរកសិកម្មខេត្តរូបនេះ បានឱ្យដឹងទៀតថា នៅរដូវដាំដុះដើមរដូវវស្សាឆ្នាំនេះ អាកាសធាតុពិតជាអំណោយផល ដល់ដំណាំកសិកម្ម ក្នុងនោះមានដូចជា ដំណាំមៀនប៉ៃលិន ពោតក្រហម ដំឡូងមី និងដំណាំរួមផ្សំដទៃទៀត ដែលធ្វើឲ្យកសិករក្នុងខេត្តប៉ៃលិន សប្បាយរីករាយយ៉ាងខ្លាំង ខណៈដំណាំរបស់ពួកគាត់ លូតលាស់បានល្អ នាំឱ្យពួកគាត់មានសង្ឃឹមថា ពេលប្រមូលផល នឹងទទួលបានទិន្នផលខ្ពស់ ។
បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ កន្លងទៅ បានគូសបញ្ជាក់ថា និន្នាការ និងការរំពឹងទុក បានបង្ហាញថា តម្រូវការដំឡូងមីសម្រាប់ទីផ្សារក្នុងតំបន់ និងពិភពលោក នឹងមានកំណើនកាន់តែខ្ពស់ ដែលនេះគឺជាកាលានុវត្តភាពថ្មីសម្រាប់កម្ពុជា ដើម្បីអភិវឌ្ឍន៍សង្វាក់តម្លៃដំឡូងមី តាមរយៈការពង្រឹង និងពង្រីកផលិតកម្ម ការកែច្នៃចំណិតដំឡូងមី និងសមត្ថភាពនាំចេញ សំដៅឆ្លើយតបតម្រូវការទីផ្សារនាពេលអនាគត៕
ដោយ៖CEN