នាយករបស់ទីភ្នាក់ងារស៊ើបអង្កេត FBI លោក Christopher Wray បាននិយាយថា សកម្មភាពចារកម្ម និងការលួចរបស់រដ្ឋាភិបាលចិន បង្កការគំរាមកំហែងខ្លាំងរយៈពេលវែង ទៅដល់អនាគតរបស់អាមេរិច។
លោកថ្លែងថា ចិនបានចាប់ផ្តើមដាក់គោលដៅលើជនជាតិចិន ដែលកំពុងរស់នៅបរទេដោយបង្ខំឲ្យពួកគេត្រឡប់មកវិញ ហើយចិនកំពុងធ្វើកិច្ចការ ដើម្បីធ្វើឲ្យខូចដល់ការស្រាវជ្រាវវីរុសកូរ៉ូណា របស់សហរដ្ឋអាមេរិច។
“ចិនបានចូលរួមក្នុងកិច្ចប្រឹងប្រែងរដ្ឋទាំងមូល ដើម្បីក្លាយជាមហាអំណាចតែមួយគត់ របស់ពិភពលោក តាមរយៈគ្រប់មធ្យោបាយចាំបាច់”។
នៅក្នុងសន្ទរកថារយៈពេលជិត ១ម៉ោងកាលពីថ្ងៃអង្គារម្សិលមិញនេះ នាយក FBI បានគូសបញ្ជាក់ពីរូបភាពនៃការជ្រៀតជ្រែករបស់ចិន ដែលជាយុទ្ធនាការដ៏មានប្រសិទ្ធភាពនៃចារកម្មសេដ្ឋកិច្ច ការលួចប្រាក់ និងទិន្នន័យ និងសកម្មភាពនយោបាយខុសច្បាប់ ដោយការប្រើការស៊ីសំណូក និងការគំរាមកំហែងដើម្បីឲ្យមានឥទ្ធិពលលើគោលនយោបាយអាមេរិច។
លោកលើកឡើងថា “ឥឡូវនេះ ពួកយើងបានមកដល់ចំណុចមួយដែល FBI កំពុងបើកការស៊ើបអង្កេតលើករណីប្រឆាំង ទាក់ទងនឹងចិនរៀងរាល់ ១០ម៉ោង។ ក្នុងចំណោមករណីស៊ើបអង្កេតប្រឆាំង ៥.០០០ ដែលកំពុងដំណើរការ មានជិតពាក់កណ្តាលទាក់ទងនឹងចិន”។
ប្រធាន FBI ថ្លែងទៀតថា ប្រធានាធិបតីចិន ស៊ី ជីនពីង បានដឹកនាំកម្មវិធីមានឈ្មោះថា ប្រមាញ់កញ្ច្រោង (Fox Hunt) ដោយផ្តោតទៅលើជនជាតិចិនកំពុងរស់នៅបរទេស ដែលត្រូវគេមើលឃើញថាផ្តល់ការគំរាមកំហែងដល់រដ្ឋាភិបាលចិន។
លោកលើកឡើងទៀតថា “ពួកយើងកំពុងតែនិយាយពីគូប្រជែងនយោបាយ អ្នកប្រឆាំង និងអ្នករិះគន់ដែលស្វែងរកការលាតត្រដាង ការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ចិន។ រដ្ឋាភិបាលចិនចង់បង្ខំឲ្យពួកគេត្រឡប់ទៅចិនវិញ ហើយកលល្បិចរបស់ចិនបានសម្រេចបាននូវអ្វីដែលគួរឲ្យភ្ញាក់ផ្អើល”។
លោកបន្តថា “នៅពេលពួកគេ (ចិន) មិនអាចកំណត់ពីគោលដៅនរណាម្នាក់បាន រដ្ឋាភិបាលបញ្ជូនអ្នកតំណាង ដើម្បីឲ្យទៅលេងគ្រួសារនៃជនទាំងនោះនៅក្នុងទឹកដីអាមេរិច។ សារដែលពួកគេនឹងនិយាយបញ្ជូនទៅជាអ្វី? គោលដៅមានជម្រើសពីរ៖ ត្រឡប់ទៅចិនវិញភ្លាមៗ ឬធ្វើអត្តឃាតខ្លួនឯង”៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC