ភ្នំពេញ៖ សន្និសីទសារព័ត៌មាន ស្តីពីវិធានការរបស់រដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមក ក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩»នាព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២០ នាសាលប្រជុំធំអគារ “ឃ” នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំឡើង ដើម្បីជាការផ្សព្វផ្សាយ ពន្យល់បន្ថែម និងឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធលើវិធានការដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាលកន្លងមក ជូនដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសាធារណជនទូទៅ អំពីការដាក់ចេញរបស់រាជរដ្ឋាភិបាល ក្នុងរយៈកាលកន្លងមកនូវវិធានសំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិត វិធានការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចចំនួន៤ជុំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ១៩។
នៅក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងអំពីវិស័យកសិកម្មកម្ពុជា ដែលមិនបានរងការប៉ះពាល់ពីកូវីដ១៩ ហើយថែមទាំងផ្តល់នូវសក្តានុពលជួយទៅដល់សេដ្ឋកិច្ចជាតិមួយកម្រិតទៀតផងដែរ ជាក់ស្តែង វិស័យកសិកម្មមានចំណែក ២៥% នៃកំណើនផលទុនជាតិសរុប (GDP) ហើយគ្របដណ្តប់ ៤០% នៃកម្លាំងពលកម្មសរុបផងដែរ។ ជាងនេះទៅទៀត ឯកឧត្តម បានរំលេចអំពី ការកើនឡើងនៃការនាំចេញផលិតផលកសិកម្មកម្ពុជា ឆ្លើយតបទៅនឹងតម្រូវការស្បៀងអាហារពិពលោក ក្នុងកាលៈទេសៈកូវីដ១៩។ ជារួម ឯកឧត្តមមានប្រសាសន៍ថា “កសិកម្មជាចំណុចខ្លាំងរបស់កម្ពុជា ដែលអាចជួយទ្រទ្រង់ដល់ដំណើរការសេដ្ឋកិច្ចកម្ពុជាឱ្យបន្តទៅមុខទៀតបាន”។
ឯកឧត្តម វង្សី វិស្សុតបានអះអាងថា ទោះបីជាវិបត្តិកូវីដ-១៩ បាន វាយប្រហារមកលើសេដ្ឋកិច្ចកម្ពុជាខ្លាំងយ៉ាងណាក៏ដោយ តែក្នុងរយៈពេល៥ខែដំបូង ក្នុង ឆ្នាំ២០២០នេះ ការនាំចេញរបស់កម្ពុជា នៅមានភាពវិជ្ជមាននៅឡើយ។
ឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០នេះ វិស័យកាត់ដេរកម្ពុជា មានការធ្លាក់ចុះខ្លាំងដោយហេតុថា ទីផ្សារអឺរ៉ុប និងអាម៉េរិកមួយចំនួន បានផ្អាកការបញ្ជាទិញសិន ព្រោះតែវិបត្តិកូវីដ-១៩។ ឯកឧត្ដមបានបញ្ជាក់ថា ប៉ុន្តែបើយើងមើលវត្ថុផ្សេងទៀតដែលយើងនាំចេញ យើងអត់ទាន់ធ្លាក់នៅឡើយទេ ឧទាហរណ៍ ទំនិញកសិកម្ម ទំនិញមិនមែនកាត់ដេរដូចជាកង់ អេឡិចត្រូនិក គឺវាកើន។ ក្នុងរយៈពេល៥ខែ ដំបូងនេះ ការនាំចេញ របស់យើងធៀបនឹងឆ្នាំទៅ មិនទាន់អវិជ្ជមាននោះទេ នៅបូកនៅឡើយ។ឯកឧត្ដមបានលើកឡើងថា ក្នុងរដូវកាលកូវីដ-១៩នេះ រាជរដ្ឋាភិបាល ត្រៀមថវិកាជាតិ ប្រមាណជាង១.០០០លានដុល្លារអាម៉េរិក។ ឯកឧត្ដមបានថ្លែងថា “ចំណាយទៅលើកូវីដ ចង់សរុបថា មួយចុងក្រោយសរុបទៅនេះ យើងត្រៀមលុយចំណាយទៅលើកូវីដ-១៩ ទាំងជំងឺ ទាំងផលប៉ះពាល់សង្គម និងជួយដល់វិស័យឯកជនជាលុយថវិកាជាតិ មានចំនួន១.១៦៤លានដុល្លារ”។
ឯកឧត្ដមបានបន្ដថា សម្រាប់ជំនួយសង្គម រាជរដ្ឋាភិបាល បានត្រៀមថវិកាចំនួន៣០០លានដុល្លារ សម្រាប់ជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលវិបត្ដិកូវីដ-១៩នេះ។ ទន្ទឹមនេះ ក្នុងខែសីហា ឆ្នាំ២០២០នេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ នឹងកើនចំនួន២ម៉ឺនគ្រួសារបន្ថែមទៀត ហើយរាជរដ្ឋាភិបាល បានត្រៀមថវិកាទុករួចរាល់ហើយផងដែរ ដើម្បីចំណាយទៅលើពួកគេ។ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់បន្ថែមថា មូលនិធិកូវីដ-១៩ដែលបានមកពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនានា ចូលរួមបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួននោះ ដែលរហូតមកដល់ពេលនេះ កើនឡើងដល់២០លានដុល្លារហើយ។
ឯកឧត្ដម វង្សី វិស្សុត បានឱ្យដឹងថា កម្ពុជានៅខ្ចីលុយពីបរទេសតិចនៅឡើយ។ ដោយសារយើងនៅជំពាក់បំណុលគេនៅតិច យើងសព្វថ្ងៃគ្រាន់តែនៅខ្ចីគេទេ យើងមិនទាន់អីទេ អារឿងខ្ចីលុយ ខ្ចីគេមិនទាន់ខ្ចីអស់ផង គេមកអង្វរឱ្យខ្ចី យើងមិនទាន់ប្រើអស់ផង បំណុលយើងនៅទាប ដូច្នេះយើងនៅមានផ្លូវសម្រាប់ខ្ចីប៉ុន្តែការខ្ចីលុយគេច្រើនលើសលុប មិនអាចដោះស្រាយបញ្ហាបានទេ ដែលតម្រូវឱ្យមានការចាយឱ្យចំមុខ និងការចាយទៅតាមនីតិវិធីមួយដើម្បីឱ្យមានប្រសិទ្ធភាព ការប្រើប្រាក់កម្ចី និងធនធានសាធារណៈទាំងអស់ផងដែរ៕
ដោយ៖បញ្ញាស័ក្តិ