Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​អន្តរក្រសួង​ឆ្លង លើ​សេចក្តីព្រាង​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប ២០២០-២០៣៥

​សៀមរាប ៖​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ឆ្លង​សេចក្តីព្រាង​បឋម “​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ឆ្នាំ​២០២០-២០៣៥” នៅ​ថ្ងៃ​ពុធ ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​រី​ជិន​ស៊ី​អង្គរ​។​

កិច្ចប្រជុំ​នេះ បានបង្ហាញ​លទ្ធផល​សំខាន់ៗ​ចំនួន​៥​ចំណុច ដែល​អ្នកវិនិយោគ ប្រតិបត្តិ​ករ​ទេសចរណ៍ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ត្រូវតែ​ជ្រាប​ឱ្យបាន​ច្បាស់​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ខាងលើ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​។​

​លទ្ធផល​ទាំង​៥​ចំណុច​នេះ រួមមាន​៖

ចំណុច​ទី​១៖
​អង្គប្រជុំ​ឯកភាព​នូវ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ជា «​គោលដៅ​ទេសចរណ៍​ប្រកប ដោយ​គុណភាព​»​។ ក្នុងន័យនេះ ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​បានកំណត់​វិសាលភាព​រួម គឺ​រួមបញ្ចូល​ទាំង​ទេសចរណ៍វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ ខណៈ​បច្ចុប្បន្ន​ការ​ទស្សនា​ប្រាសាទ​អង្គរ គឺជា​មូលហេតុ​ចម្បង​តែមួយ​របស់​ភ្ញៀវទេសចរ​ដែល​មកកាន់​ខេត្តសៀមរាប​។ ផែនការ​មេនេះ​បាន​សិក្សា និង​កំណត់​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព ដើម្បី​បង្កើន​ភាព​ទាក់ទាញ​នៃ​តំបន់​សៀមរាប​ទាំងមូល ក្រោម​ទស្សនទាន «​សៀមរាប​៖ លើសពី​ការ​ទស្សនា​ប្រាសាទ​» ដោយ​ផ្សារភ្ជាប់​ជាមួយ​សកម្មភាព​កម្សាន្ត​ដ៏​សម្បូរបែប​។​

​ចំណុច​ទី​២៖
​អង្គប្រជុំ​ឯកភាព​ថា ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​នេះ​នឹង​ក្លាយជា​យន្តការ​ដ៏​មាន​សារៈសំខាន់​ចាំបាច់ សម្រាប់​ការឆ្លើយតប​ទៅនឹង​ស្ថានភាព​នាពេល​បច្ចុប្បន្ន ក៏ដូចជា​អនាគត ដែលជា​ផ្នែក​មួយ​សំខាន់​នៃ​ចក្ខុវិស័យ​កម្ពុជា ដែល​នឹងត្រូវ​សម្រេច​ឲ្យ​បាន​នូវ​បំណងប្រាថ្នា​រួម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៖ ទី​១) សៀមរាប គឺជា​ខេត្ត​ទេសចរណ៍​អន្តរជាតិ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​សកល​លើ​ការអភិរក្ស និង​កិច្ច​គាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​បរិស្ថាន​ធម្មជាតិ ដោយ​ផ្តល់ជូន​នូវ​ធនធាន​ទេសចរណ៍ និង​ភាព​ទាក់ទាញ​ជាច្រើន​ទៀត​។​

​ទី​២) ធានា​ឲ្យ​បាន​ផលប្រយោជន៍​សេដ្ឋកិច្ចសង្គម​ជា​អតិបរមា​ពី​វិស័យ​ទេសចរណ៍ ពោលគឺ​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ តំបន់​ទីក្រុង​ដែលមាន​ស្ទឹង​សៀមរាប តំបន់​ទន្លេសាប ឧទ្យាន​ជាតិ​គូ​លេន និង​តំបន់​ជនបទ​ដែលជា​គោលដៅ​ទេសចរណ៍​ត្រូវតែ​ភ្ជាប់​ជាមួយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន និង​ការកាត់បន្ថយ​ភាពក្រីក្រ​។​

​ទី​៣) ខេត្តសៀមរាប​ត្រូវតែ​ធ្វើការ​ផ្លាស់ប្តូរ​ពី​គោលដៅ​ទេសចរណ៍​ទ្រង់ទ្រាយ​ធំ​ទៅជា​គោលដៅ​ទេសចរណ៍​មានគុណ​ភាព សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​បាន​ម្តង​ហើយ​ម្តងទៀត និង​ភ្ញៀវទេសចរ​កម្រិត​ខ្ពស់​អាច​បង្កើន​ចំណូល​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​កសាង​សេដ្ឋកិច្ច​មូលដ្ឋាន​ប្រកបដោយ​បរិ​យាប​ន្ន​។​

​ចំណុច​ទី​៣៖
​អង្គប្រជុំ​ឯកភាព​ថា ការកំណត់​ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព​ជាក់ស្តែង​ក្នុង​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប ២០២០-២០៣៥ ត្រូវតែ​ឈរលើ​បង្គោល​ចរ ៤ គឺ​៖ គោលដៅ​យុទ្ធសាស្ត្រ​ចំនួន ៧ យុទ្ធសាស្ត្រ​ចំនួន ៤៦ គម្រោង​ចំនួន ៧២ និង​សកម្មភាព​អនុវត្ត​ចំនួន ៩៤ ក្នុងនោះ​គម្រោង​វិនិយោគ​ធំៗ​មាន​សរុប​ចំនួន ២០ គម្រោង​។​

ចំណុច​ទី​៤៖
​អង្គប្រជុំ​ឯកភាព​ថា ជម្រើស​នៃ​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​បរិ​យាប​ន្ន​សម្រាប់​ខេត្តសៀមរាប ក្នុងនោះ​ឆ្ពោះទៅ​ឆ្នាំ​២០៣៥ ត្រូវផ្តោត​លើ​អ័ក្ស​ជា​យុទ្ធសាស្ត្រ​ចំនួន ៥ ដូចខាងក្រោម​៖ ១) អ័ក្ស​យុទ្ធសាស្ត្រ​ទី​១៖ គោលនយោបាយ​សំដៅ​បង្កើន​ផលប្រយោជន៍​សេដ្ឋកិច្ច​-​សង្គម​កើតចេញពី​សកម្មភាព​ទេសចរណ៍​៖ ផ្តល់​កម្លាំង​ជំរុញ​ថ្មី​ដល់​ការអភិវឌ្ឍ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ដោយ​គោរព និង​លើកកម្ពស់​បរិស្ថាន​ស្អាត និង​ភាព​សម្បូរបែប​នៃ​ទេសចរណ៍ ដោយ​ត្រូវបង្កើត​ផលិតផល និង​សកម្មភាព​ទេសចរណ៍​ថ្មីៗ​នៅ​ទូទាំង​ខេត្តសៀមរាប​។ អ័ក្ស​យុទ្ធសាស្ត្រ​ដំបូង​នេះ ផ្អែកលើ​ការបង្កើត​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍​ថ្មីៗ សម្រាប់​ខេត្តសៀមរាប​ដាក់ចេញ​គោលនយោបាយ​សំដៅ​ទាញយក​ឥទ្ធិពល​ដោយផ្ទាល់ និង​ដោយ​ប្រយោល​នៃ​វិស័យ​ទេសចរណ៍​លើ​ការអភិវឌ្ឍ​ខេត្តសៀមរាប អម​ជាមួយនឹង​សំណើ​ថ្មីៗ​ទាក់ទង​នឹង​ការរៀបចំ​ផែនការ​ថ្មីៗ ដោយ​ត្រូវ​គិតគូរ​បន្ថែម​ពី​ហានិភ័យ​នៃ​បម្រែបម្រួល​អាកាសធាតុ​។​

២) អ័ក្ស​យុទ្ធសាស្ត្រ​ទី​២៖ ផ្អែកលើ​ការបង្កើត​របៀង​ទេសចរណ៍​ថ្មីៗ​ប្រកបដោយ​គុណភាព ភាព​ទាក់ទាញ​សម្រាប់​ខេត្តសៀមរាប​ទាំងមូល រួមទាំង​ការបង្កើត និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​អាទិភាព​សំខាន់ៗ​ក្នុង​ខេត្តសៀមរាប​។​

៣) អ័ក្ស​យុទ្ធសាស្ត្រ​ទី​៣៖ ដាក់ចេញ​គោលនយោបាយ​សំដៅ​ផ្តល់​អត្តសញ្ញាណ​ថ្មី​ដល់​ខេត្តសៀមរាប (​វប្បធម៌​រួមបញ្ចូល​ជាមួយ​ធម្មជាតិ​) កុំ​ឲ្យ​គោលដៅ​ដំណើរ​ទស្សនា​តែមួយ​ទៅកាន់​រមណីយដ្ឋាន​វប្ប​ធម៌​តែមួយ​មុខ ប៉ុន្តែ​អាច​លើកស្ទួយ​ធនធាន​ទេសចរណ៍​ផ្សេងទៀត​ពិសេស​ធម្មជាតិ​។ អ័ក្ស​យុទ្ធសាស្ត្រ​ទី​៣​នេះ គឺ​ការដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​ថ្មីៗ សម្រាប់​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប និង​ការសម្រួល​ការតភ្ជាប់​តាមផ្លូវ​ទឹក ផ្លូវគោក ផ្លូវដែក និង​ផ្លូវអាកាស​មក​ខេត្តសៀមរាប​។​

៤) អ័ក្ស​យុទ្ធសាស្ត្រ​ទី​៤៖ ការពង្រឹង​គុណភាព​ទេសចរណ៍​អម​ជាមួយ​ការពង្រឹង​អនាម័យ​បរិស្ថាន​ស្អាត ទីក្រុង​ស្អាត និង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​។ អ​ក្ស័​យុទ្ធសាស្ត្រ​ទី​៤​នេះ បានគិត​គូរ​ក្នុងការ​ពង្រឹង​ការគ្រប់គ្រង​ទេសចរណ៍​ក្នុង​តំបន់​បេ​តិក​ភ​ណ្​
​ឌ​អង្គរ ពិសេស​ការដាក់ចេញ​យ​ន្ត​ការគ្រប់គ្រង​លំហូរ​ភ្ញៀវទេសចរ​ទៅកាន់​រមណីយដ្ឋាន​វប្ប​ធម៌​ឱ្យ​កាន់តែ​ប្រសើរឡើង សំដៅ​ជំរុញឱ្យមាន​ការចូល​ទ​ស្សនា​កាន់តែ​ប្រសើរ​ទាំង​បរិមាណ និង​គុណភាព​។ ដោយ​ផ្អែកលើ​ការកំណត់​យុទ្ធសាស្ត្រ​កំណត់​តម្លៃ​សំបុត្រ​ចូល​អង្គរ និង​ក៏ដូចជា​ការពង្រឹង​គុណភាព​ក្នុង​ឧស្សាហកម្ម​ទេ​សចណ៍ និង​ការពង្រឹង​អនាម័យ ភាព​ស្អាត និង​បៃតង ប្រកបដោយ​បរិស្ថាន​ល្អ ទីក្រុង​ស្អាត​ក្នុង​ខេត្តសៀមរាប​។ ទន្ទឹមនឹងនោះ អ័ក្ស​យុទ្ធសាស្ត្រ​ទី​៤​នេះ​ក៏បាន ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ផងដែរ​។​

៥) អ័ក្ស​យុទ្ធសាស្ត្រ​ទី​៥៖ ដាក់ចេញ​យន្តការ​អភិបាលកិច្ច និង​យន្តការ​ស្ថាប័ន​គាំទ្រ​អម​ជាមួយ​យុទ្ធ​ស​សាស្ត្រ​វិនិយោគ (​សាធារណៈ និង​ឯកជន​) ដើម្បី​ទ្រទ្រង់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៃ​ខេត្តសៀមរាប​។ អ័ក្ស​យុទ្ធសាស្ត្រ​ទី​៥​នេះ ផ្អែកលើ​ការបង្កើត​យន្តការ​សម្របសម្រួល (​កម្រិត​ខ្ពស់​) អន្តរ​ស្ថាប័ន និង​ការបង្កើត​ឲ្យ​មាន​យន្តការ DMO’s នៅតាម​តំបន់​ទេសចរណ៍​អាទិភាព​ទាំង ៦​។​

​ចំណុច​ទី​៥៖
​ឯកសារ​ផែនការ​មេនេះ​នឹង​ដើរតួនាទី​ជា​ផែនទី​បង្ហាញផ្លូវ​មួយ​ដ៏​សំខាន់​ក្នុងការ​ឈានទៅដល់​សុខដុម​នីយកម្ម​រវាង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ការលើកកម្ពស់​ជីវភាព និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប​។ ឯកសារ​នេះ​នឹងចូលរួម​ដល់​វិធានការ​គោលនយោបាយរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​ស្តារ​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​ជំងឺឆ្លង Covid-19​។​

​សូមជម្រាបថា អង្គប្រជុំ​ឯកភាព​លើ​សេចក្តីព្រាង​ផែនការ​មេនេះ​ដែលមាន ១០ ជំពូក ព្រមទាំង​ឧបសម្ព័ន្ធ​ផងដែរ​៖
​ជំពូក​ទី​១. គោលដៅ​អភិវឌ្ឍន៍​៖ សេណា​រី​យ៉ូ​អភិវឌ្ឍន៍ និង​គោលដៅ​និរន្តរភាព​ទេសចរណ៍​សម្រាប់​ខេត្តសៀមរាប​
​ជំពូក​ទី​២. យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​អាទិភាព​ក្នុង​ខេត្តសៀមរាប​
​ជំពូក​ទី​៣. យុទ្ធសាស្ត្រ​វិនិយោគ​ទេសចរណ៍ និង​ការអភិវឌ្ឍ​របៀង​ទេសចរណ៍​ថ្មីៗ​
​ជំពូក​ទី​៤. យុទ្ធសាស្ត្រ​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ខេត្តសៀមរាប (២០២០-២០៣៥)
​ជំពូក​ទី​៥. យុទ្ធសាស្ត្រ​ពង្រឹងគុណភាព​ទេសចរណ៍ និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ នៅ​ខេត្តសៀមរាប (២០២០-២០៣៥)
​ជំពូក​ទី​៦. យុទ្ធសាស្ត្រ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​នៅ​ខេត្តសៀមរាប និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​
​ជំពូក​ទី​៧. យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រឹង​ការតភ្ជាប់​គាំទ្រ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​
​ជំពូក​ទី​៨. អភិបាលកិច្ច​ទេសចរណ៍​សម្រាប់​ខេត្តសៀមរាប​
​ជំពូក​ទី​៩. ផែនការ​សកម្មភាព​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​
​ជំពូក​ទី​១០. គម្រោង​អភិវឌ្ឍន៍​គំរូ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×