Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភោជនីយដ្ឋាន នៅ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ ជា​បណ្តើរៗ ខណៈ​ជំងឺ​កូ​វីដ​១៩ បាន​ធូរស្រាល​បន្តិច​

​ភ្នំពេញ​៖ នៅពេលនេះ​ភោជនីយដ្ឋាន​ជាច្រើន នៅ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​ហើយ បន្ទាប់ពី​បាន​ផ្អាក​ដំណើរការ ជា​បណ្តោះអាសន្ន​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​។ ការបើក​ដំណើរការ​ឡើងវិញ នៃ​ភោជនីយដ្ឋាន​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ​នៅពេលនេះ ធ្វើឡើង​ស្របពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ចាប់ផ្តើម​ប្រកាស និង​លើកទឹកចិត្ត​ឱ្យ​អាជីវកម្ម​នានា ដែល​បម្រើឱ្យ​វិស័យ​ទេសចរណ៍ និង​ការកម្សាន្ត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​។​

​បច្ចុប្បន្ន បើទោះបី​កម្ពុជា​គ្រប់គ្រង និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ​ក៏ដោយ​តែ​ផលប៉ះពាល់ ផ្នែក​សេដ្ឋកិច្ច​ជារួម​នៅតែ​បន្ត​អូសបន្លាយ​នៅឡើយ​។ ក្នុង​វិបត្តិ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​អនុគ្រោះ ផ្នែក​ពន្ធ​ដល់​វិស័យ​ទេសចរណ៍ ដែល​ប៉ះពាល់​ជាងគេ​ដូចជា សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ជាដើម ដើម្បី​រក្សា​លំនឹង​អាជីវកម្ម និង​ជីវភាព​របស់​កម្មករ​និយោជិត​។​

​ដោយ​ឃើញ​ពី​ស្ថានភាព​ធូរស្រាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ការអនុគ្រោះ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ដែលជា​ភោជនីយដ្ឋាន​ប្រភេទ​ប៊ូ​ហ្វេ​ធំជាងគេ នៅ​រាជធានី​ភ្នំពេញ បាន​បើក​ដំណើរការ​ឡើងវិញ ហើយ​ចាប់ពី​ថ្ងៃនេះ​ទៅ បន្ទាប់ពី​បាន​ផ្អាក​រយៈពេល​ជាង​៣​ខែ ដោយសារ​វិបត្តិ​នៃ​មេរោគ​ឆ្លង​កូ​វីដ​១៩​។​

​លោក រត់ ឆៃ ប្រធាន​គ្រប់គ្រង​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ បានឱ្យដឹងថា ការបើក​ឡើងវិញ នៃ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ នៅពេលនេះ​ស្រប​ពេលដែល​តម្រូវការ របស់​អតិថិជន​បានចាប់ផ្តើម មានការ​កើនឡើង​វិញ​ជា​បន្តបន្ទាប់ បន្ទាប់​អតិថិជន​ជាច្រើន បាន​ផ្អាក់​ការទទួល​ទាន និង​ការរៀបចំ​កម្មវិធី​នៅក្រៅ​ផ្ទះ​។ លោក រត់ ឆៃ បាន​បន្តថា ក្នុងសម័យ​កាល​កូ​វីដ​១៩​នេះ វារិត​តែ​សំខាន់​ទៅទៀត ដែល​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ធ្លាប់​បានធ្វើ និង​កំពុង​ធ្វើជា​រហូតមក​ដោយ​គោរព​តាម​ស្តង់ដារ​អនាម័យ របស់​ក្រសួងសុខាភិបាល​កម្ពុជា​។​

​ជារួម​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ជា​ប្រភេទ​ភោជនីយដ្ឋាន​ប៊ូ​ហ្វេ ដែលមាន​មុខម្ហូប​ច្រើនជាងគេ និង​ផ្តល់​សេវាកម្ម​បាន​ច្រើន​ប្រភេទ​ទាំង​បរិមាណ និង​គុណភាព​។ ភោជនីយដ្ឋាន​ទន្លេបាសាក់​២ មាន​ផ្តល់​ប្រភេទ​សេវាកម្ម​រួមមាន​៖ ទទួល​ពិធី​រៀប​អាពាហ៍ពិពាហ៍ ការប្រជុំ​នានា សិក្ខាសាលា ពិធី​ខួបកំណើត និង​ពិធីជប់លៀង​ផ្សេងៗ​ទៀត​។ លើសពីនេះទៅទៀត ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ក៏​បម្រើ​សេវាកម្ម​ផ្គត់ផ្គង់​អាហារ ដល់ទី​កន្លែង​ផងដែរ ដែល​សេវាកម្ម​ប្រភេទ​នេះ​កំពុងមាន​តម្រូវការ​ច្រើន​នាពេល​បច្ចុប្បន្ននេះ​។​

​សូមបញ្ជាក់ថា ការបើក​ឡើងវិញ​ជា​បន្តបន្ទាប់ នៃ​ភោជនីយដ្ឋាន​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល​ក្នុងការ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​រង​ផលប៉ះពាល់​អស់​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​៕
​ដោយ​៖CEN​

×