Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានទទួល​ពាក្យសុំ​ខ្ចី​ចំនួន​ជាង​៣៥០​ពាក្យ​ក្នុង​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​ស្នើសុំ​សរុប​ចំនួន ជាង ៣៧​លាន​ដុល្លារ​អាមេរិក​

​ភ្នំពេញ​៖ លោក កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម និង​សហការី​បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​គោលការណ៍​ឥណទាន និង​នីតិវិធី​ទទួលបាន​ឥណទាន​ក្រោម​គម្រោង​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល​ចំនួន ៥០ លាន​ដុល្លារ ជូន​ដល់​បងប្អូន​ប្រជា​សហគមន៍​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី ដាំ​ដុះ​បន្លែ និង​ផ្លែឈើ និង​ក្រុម​សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​ផលិតផល​កសិកម្ម វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម ក្នុង​ខេត្តកំពត​។​

​កម្មវិធី​ប​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ ដោយ​ទទួលបាន​ការសម្របសម្រួល​ការងារ​ពី​រដ្ឋបាល​ខេត្តកំពត ដើម្បីឱ្យ​បងប្អូន​ប្រជា​សហគមន៍​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី ដាំ​ដុះ​បន្លែ និង​ផ្លែឈើ​មានលទ្ធភាព​ខ្ចី​ទុន​ពី​ធនាគារ​ដើម្បី​ពង្រីក​អាជីវកម្ម និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់ខ្លួន ក្នុង​គោលដៅ​បង្កើត​ការងារ​បន្ថែម ពង្រឹង​ភាព​ប្រកួតប្រជែង និង​ពង្រីក​មូលដ្ឋាន​ផលិត​ក្នុងស្រុក សម្រាប់​ជំរុញ​ទាំង​ការនាំចេញ និង​កាត់បន្ថយ​ការនាំ​ចូល​នៅក្នុង​ដំណាក់កាល ដែល​សេដ្ឋកិច្ចកម្ពុជា​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន កើតចេញពី​ជំងឺឆ្លង COVID-19 និង​បញ្ហា EBA​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​លោក កៅ ថាច បាន​ជម្រាប ថា គិត​ត្រឹម​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានទទួល​ពាក្យសុំ​ខ្ចី​ចំនួន​ជាង​៣៥០​ពាក្យ​ក្នុង​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​ស្នើសុំ​សរុប​ចំនួន ជាង ៣៧​លាន​ដុល្លារ​អាមេរិក ពី​គម្រោង​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល​ចំនួន ៥០​លាន​ដុល្លារ​អាមេរិក​នេះ ។​

​លោក​បន្ត​ស្នើសុំ និង​លើកទឹកចិត្ត​ដល់​បងប្អូន រួសរាន់​រៀបចំ​ឯកសារ​ស្នើសុំ​ខ្ចី​ឥណទាន​ក្នុង​កម្មវិធី​ទៅ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ក្នុងករណី​បងប្អូន​មាន​ត្រូវ​ការពង្រីក​អាជីវកម្ម​របស់ខ្លួន​។ ទន្ទឹមនេះ លោក​អគ្គនាយក​បានស្នើ​សុំអោយ​អាជ្ញាធរ មូលដ្ឋាន ជួយ​បន្ត​ផ្សព្វផ្សាយ​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​នេះ អោយបាន​ទូលំទូលាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជ្រាប ដើម្បី​ឲ្យ​បងប្អូន​មានឱកាស​អាច​ទទួលបាន​ឥណទាន​ពី​ក្នុង​កម្មវិធី​ពិសេស​នេះ​ផងដែរ​។​

​ជាមួយគ្នានេះ លោក កៅ ថាច បានធ្វើការ​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ​មួយចំនួន​អំពី​ការដាំដុះ ការប្រមូល​ផល ការ​ច​ញ្ចឹ​ម​ត្រី និង​ព័​ត៍​មាន​ទីផ្សារ​ជូន​ដល់​បងប្អូន​ដើម្បី​ជា​ចំនេះដឹង​ថ្មី និង​ទុក​សម្រាប់​ជា​មូលដ្ឋាន​សម្រាប់ធ្វើ​ការពិចារណា ក្នុងការ​ពង្រីក​អាជីវកម្ម​របស់​បងប្អូន​។ ភ្ជាប់​ជាមួយនេះ លោក​កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ក៏បាន​ធ្វើការ​ស្នើសុំ និង​សំណូមពរ​ដល់​បងប្អូន​កសិករ​ចិញ្ចឹម​ត្រី ចិញ្ចឹមសត្វ ដាំ​ដុះ​បន្លែ អោយ​រៀបចំ​ផែន​ការដាំដុះ ផែនការ​ចិញ្ចឹម​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​អោយបាន​តាម​តម្រូវការ និង​ចូលរួម​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេសជិតខាង​។​

​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​ខេត្តកំពត ដែល​បាន​ជួយ​សម្របសម្រួល​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ នូវ​គោលការណ៍​ឥណទាន​ដែលមាន​អត្រា​ការប្រាក់​ទាប ក្រោម​កម្មវិធី​ពិសេស​របស់​រាជរដ្ឋាភិបាល ជូន​ដល់​បងប្អូន​នាឱកាស​នេះ​៕
​ដោយ​៖CEN

×