ភ្នំពេញ៖ ឆមាសទី១ឆ្នាំ២០២០នេះ នៅរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌបានកើតមានឡើង ៣៤៨លើ៤០៧លើក ថយចុះ៥៩លើក ស្លាប់មនុស្ស៣០នាក់លើ១៥នាក់ របួស៩០នាក់លើ៧៤នាក់។ បង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន៣០ករណី ឃាត់ខ្លួនមនុស្ស៤៦៥នាក់ និងបង្ក្រាបតាមដីកា២៦ដីកា ឃាត់ខ្លួនមនុស្ស២៧នាក់ ជនសង្ស័យនិងវត្ថុតាងបញ្ជូនទៅសាលារាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។
នេះបើយោងតាមរបាយការណ៍ដែលបានបង្ហាញ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីនិងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងរបាយការណ៍នេះ បានបង្ហាញទៀតថា កម្លាំងរបស់សមត្ថកិច្ចបានបង្ក្រាបក្មេងទំនើងបាន៣៤៧ករណី ឃាត់ខ្លួន៥២១ នាក់ ក្នុងនោះពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ១០០ករណី ឃាត់ខ្លួន ២១៤នាក់ ស្រី ១៤នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញ និងករណីអុកឡុក បង្កបាត់បង់សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ២៤៧ករណីឃាត់ខ្លួនមនុស្ស ៣០៧នាក់ស្រី ១១នាក់ បានអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាព ។
បង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន១១៥៣ករណី ប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ បង្ក្រាបបាន១០៩៦ករណី កើនឡើង៥៧ករណី ឃាត់ខ្លួនមនុស្ស២០៧៨លើ២២៦៣ នាក់ ស្រី ១២៤នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
បង្ក្រាបល្បែងស៊ីសងបាន៤៤ករណី ឃាត់ខ្លួនមនុស្ស១៩៦នាក់ កសាងសំណុំរឿងបញ្ជូនទៅរាជធានីភ្នំពេញ ក្នុងចំនួននេះ បានបញ្ជូនទៅសាលារាជធានីដំបូងរាជធានីភ្នំពេញ ចំនួន៣៤នាក់ និងធ្វើកិច្ចសន្យាអប់រំ ១៦២នាក់។
ការងារប្រឆាំងការជួញដូរនិងការពារអនីតិជន ៖ បង្ក្រាបបាន១៤ករណី ឃាត់ខ្លួនមនុស្ស ១៦នាក់ ស្រី ២នាក់ ជនបរទេសម្នាក់ ជនសង្ស័យនិងវត្ថុតាងកសាងសំណុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញ និងដោះលែងជនរងគ្រោះបាន១៧នាក់ បញ្ជូនទៅសង្គមកិច្ចរាជធានីភ្នំពេញ៦នាក់ និងប្រគល់ជូនគ្រួសារជនរងគ្រោះ១១នាក់។
សម្រាប់ឆមាសទី១ឆ្នាំ ២០២០ នេះដែរ គ្រោះថ្នាក់ចរាចរណ៍ បានកើតមានឡើងចំនួន៨០៤ករណី បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ កើតមាន៥៧១លើក កើនឡើង២៣៣លើក ក្នុងនោះស្លាប់ ១៥៩នាក់លើ១៧១នាក់ របួស៧២៥នាក់លើ៧៥១នាក់ ខូចខាតរថយន្ត៧២០គ្រឿង ។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ក្នុងឱកាសនោះ ក៏បានសម្តែងនូវការកោតសរសើរ ចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានអនុវត្តនូវការងារ ក្នុងកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានស្នើដល់អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងសមត្ថកិច្ច បន្តការខិតខំប្រឹងប្រែងលើការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត ខណៈដែរបទល្មើសចរាចរណ៍ នៅតែជាកង្វល់មួយរបស់រាជធានីភ្នំពេញ៕
ដោយ៖កូឡាប