នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា កាណាដាដោះស្រាយការរាតត្បាតវីរុសកូរ៉ូណា បានល្អជាងសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានអាមេរិចជាដើម។
កាណាដា ដែលមានប្រជាជនត្រឹម ១ ភាគ ១០នៃប្រជាជនអាមេរិច មានអ្នកស្លាប់ដោយសារវីរុសចំនួន ៨.៧១១នាក់ និងករណីឆ្លងសរុប ១០៦.១៦៧ ហើយមេដឹកនាំរូបនោះនិយាយថា ស្ថានភាពកំពុងនឹងនរ បើទោះជាមានចំណុចក្តៅខ្លះ។
ផ្ទុយមកវិញ អាមេរិចមានអ្នកឆ្លងសរុបរហូតដល់ជាង ៣លានករណី និងស្លាប់ ១៣១.០០០នាក់។
លោកបានថ្លែងដូច្នេះថា “ពួកយើងអាចគ្រប់គ្រងវីរុសបានល្អជាងសម្ព័ន្ធមិត្ត ជាពិសេសប្រទេសជិតខាងយើង”។ លោកបន្ថែមថា ការគ្រប់គ្រងបានល្អនោះ នឹងជួយដល់កិច្ចប្រឹងប្រែងក្នុងការចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ។
កាណាដា និងអាមេរិចបានធ្វើការបិទការធ្វើដំណើរទៅវិញ ទៅមករវាងប្រទេសទាំងពីរចាប់តាំងពីខែមីនាមក និងកំពុងពិភាក្សាគ្នាថាតើត្រូវពន្យារការបិទនោះឬយ៉ាង នៅពេលវាផុតការបរិច្ឆេទនៅថ្ងៃទី ២១ ខែកក្កដានេះ។
បើទោះបីជាលោក Justin Trudeau មានទំនាក់ទំនងល្អជាមួយនឹងប្រធានាធិបតីដូណាល់ ត្រាំ ក្នុងរយៈពេល ១៨ខែមកនេះក៏ដោយ លោកមិនបានទៅចូលរួមកិច្ចប្រជុំនៅវ៉ាស៊ីនតោនកាលពីថ្ងៃពុធឡើយ ដែលកិច្ចប្រជុំនោះគឺដើម្បីប្រាប់ឲ្យដឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វីបថ្មី រវាងអាមេរិច និងម៉ិចស៊ីកូ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters