Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ត្រៀមខ្លួន​ទប់ទល់​នឹង​ការបាត់ EBA តាំងពី​៧ ឆ្នាំមុន​

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀមខ្លួន​ទប់ទល់​នឹង​ការបាត់បង់ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ (EBA) តាំងពី​ឆ្នាំ ២០១៣ ពោលគឺ​តាំងពី​៧​ឆ្នាំមុន​មក​ម្លេះ ក្នុង​ហេតុផល​ថា ការផ្តល់​ភាពអនុគ្រោះ​ពន្ធ​នេះ នឹងមិន​ស្ថិតនៅ​ជា​អចិន្ត្រៃយ៍​ជាមួយ​កម្ពុជា​នោះឡើយ​។​

​ឯកឧត្តម វ​ង្ស៊ី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា ចាប់តាំងពី​ឆ្នាំ ២០១៣​មក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន ណែ​នាំឱ្យ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រៀមខ្លួន​គិតគូរ​ទប់ទល់​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ហើយ​ត្រូវ​រៀបចំ​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ដើម្បី​ពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​ឱ្យ​រឹងមាំ ដែល​ធ្វើឱ្យ​រាជរដ្ឋាភិបាល​សន្សំ​ថវិកា​បាន​ជាង ៣​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ៦​ទៅ ៧​ឆ្នាំ​ចុង​ក្រោយនេះ សម្រាប់​ជា​ទុន​ដោះស្រាយ​វិបត្តិ​ផ្សេងៗ​។​

​ឯកឧត្តម វ​ង្ស៊ី វិស្សុត បាន​មានប្រសាសន៍ថា​៖ «​អ្វីដែល​យើង​ត្រៀម​ពីមុនមក​នោះ គឺ​ត្រៀម​សម្រាប់​ទប់ទល់​នឹង EBA មិនមែន​ត្រៀម​សម្រាប់​ជំងឺ​កូ​វីដ​នេះ​ទេ​។ ដូច្នេះ​ក្នុងពេល​យើង​រៀបចំ​ថវិកា​ឆ្នាំ ២០២០​នេះ គឺជា​ថវិកា​មួយ​ដើម្បី​ទប់ទល់ EBA ហើយ​ជា​ថវិកាជាតិ​មួយ ជា​ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​ជាតិ​មួយ ជា​យុទ្ធសាស្ត្រ​វាយលុក​។ យើង​ប្រើប្រាស់​ការដក EBA ទៅជា​ឱកាស​កែប្រែ​ការ​ប្រឈម ហើយ​ការ​គំរាម​នេះ ទៅជា​ឱកាស​នៃ​ការកែទម្រង់​»​។​

​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច បាន​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​កញ្ចប់​ថវិកា​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​ក្នុង​មួយឆ្នាំ​ជាង ៦០០​លាន​ដុល្លារ ក្នុង​រយៈពេល ៣​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២២ ដោយ​ផ្តោតទៅលើ​ការវិនិយោគ​ផ្នែក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន ឡូ​ជី​ស្ទីក អគ្គិសនី ការអភិវឌ្ឍ​ធនធានមនុស្ស ការសម្រួល​របប​ពន្ធ​ដារ និង​សេវាសាធារណ​ផ្សេងៗ​ទៀត ព្រមទាំង​ការបើក​ទីផ្សារសេរី​ជាដើម​។ រដ្ឋាភិបាល ចាត់ទុក​ថវិកា​ជំរុញ​សេដ្ឋកិច្ច​នេះ គឺជា​យុទ្ធសាស្ត្រ​វាយលុក ដើម្បី​ប្រើប្រាស់​ការគំរាមកំហែង EBA ឱ្យទៅជា​ឱកាស​កែទម្រង់ និង​កសាង​មូលដ្ឋាន​សេដ្ឋកិច្ច​រឹងមាំ​ងើប​ខ្ពស់ ឈរ​ដោយ​ខ្លួនឯង និង​រស់​ដោយ​ខ្លួនឯងបាន​។ ប៉ុន្តែ ការវិវត្តន៍​ថ្មី​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ បានធ្វើឱ្យ​ថវិកា​សម្រាប់​វាយលុក​នេះ​មួយចំនួន ត្រូវបាន​យកទៅ​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ​វីដ​១៩ ហើយ​ធ្វើឱ្យ​គម្រោងការ​វាយលុក​នោះ បាន​បក​មក​ត្រឹម​ជាការ​ទប់ទល់​វិញ​ក្នុងការ​រៀបចំ​ថវិកា និង​ម៉ាក្រូសេដ្ឋកិច្ច​។​

​សូមជម្រាបថា ក្រសួងការបរទេស​ក​ម្ពុ​ជា​កន្លងទៅ បានចេញ​សេចក្តីថ្លែងការណ៍ សម្តែង​ការសោកស្តាយ ចំពោះ​សេចក្តីសម្រេច របស់​គណៈកម្មការ​អឺរ៉ុប ដោយ​សម្រេច​ព្យួរ​ផ្នែក​ខ្លះ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំពោះ​ប្រទេស​កម្ពុជា​៕
​ដោយ​៖CEN

×