ខេត្តស្វាយរៀង៖លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា រាល់សំណុំរឿងព្រហ្មទណ្ឌ ដែលកំពុងចាត់ការដោយអយ្យការ និងតុលាការ សូមឲ្យអនុវត្តឲ្យបានឆាប់រហ័ស ដើម្បីធ្វើការផ្ដន្ទាទោសជនល្មើសឲ្យបានឆាប់ និងផ្ដល់នូវយុត្តិធម៌ដល់ជនរងគ្រោះ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ដូច្នេះ ខណៈអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំស្តីពីកិច្ចសហការអនុវត្តច្បាប់រវាងតុលាការ អយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ លើការពង្រឹងសន្តិសុខសាធារណៈ បង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។
ពិធីនេះមានការចូលរួមពីលោក លាវ ពិសិដ្ឋ អគ្គលេខាធិការរង នៃក្រសួងយុត្តិធម៌, លោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត, លោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងព្រះរាជអាជ្ញារង ចៅក្រម មន្ត្រីរាជការ កងកម្លាំង និងមន្ត្រីនគរបាលយុត្តិធម៌ ជាច្រើនរូបផងដែរ។
លោក ម៉ែន វិបុល បានកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំកិច្ចប្រជុំដ៏មាន សារសំខាន់នេះ ដែលបានផ្ដល់ឱកាសដល់យើងទាំងអស់គ្នា ជាមន្ត្រីអនុវត្តច្បាប់ បានសិក្សាស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ និងចំណុចប្រឈម នៃការអនុវត្តន៍កន្លងមក ដើម្បីធ្វើការកែលម្អឲ្យកាន់តែល្អប្រសើរ បង្រួមលំហនៃភាពចន្លោះប្រហោងលើការអនុវត្តន៍ រវាងអង្គភាពតុលាការ អយ្យការ និងនគរបាលយុត្តិធម៌ឲ្យកាន់តែរួមតូច ដែលជាអត្ថប្រយោជន៍ ដ៏ចម្បងក្នុងការរឹតបន្តឹងការអនុវត្តន៍ច្បាប់ និងនីតិវិធីនៃការអនុវត្តន៍។
លោក ម៉ែន វិបុល បានបញ្ជាក់ថា «រយៈកាលកន្លងមក ចំណុចប្រឈមមួយចំនួន ដែលកើតចេញពីការខ្វះចន្លោះខ្លះ នៅក្នុងការអនុវត្តន៍នីតិវិធីយ៉ាងណាក៏ដោយ ជាពិសេសករណីគ្រឿងញៀន ដែលកើតមាននៅក្នុងខេត្តរបស់យើង នាពេលកន្លងមក ដែលមានការយល់ឃើញមិនដូចគ្នា រវាងនគរបាលយុត្តិធម៌ និងអង្គភាពតុលាការ។ តួយ៉ាង ខាងមន្ត្រីនគរបាលយុត្តិធម៌ បានកសាងសំណុំរឿងរួចហើយ និងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ប៉ុន្តែត្រូវបានចៅក្រមសម្រេចដាក់ជនសង្ស័យឲ្យនៅក្រៅឃុំ។ ដូច្នេះវេទិកានៃការជួបជុំគ្នា រវាងអង្គភាពតុលាការ អយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌នៅពេលនេះ នឹងធ្វើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងកាន់តែជិតស្និទ្ធគ្នា និងយល់គ្នាច្រើនពាក់ព័ន្ធនឹងការអនុវត្តន៍នីតិវិធី ក្នុងក្របខ័ណ្ឌនៃការអនុវត្តន៍តួនាទីភារកិច្ចរៀងៗខ្លួន ហើយអាចនឹងដោះស្រាយ បាននូវចំណុចប្រឈមដែលកើតមាននាពេលកន្លងមក»។
លោកបានបន្ថែមថា ប៉ុន្តែផ្ទុយទៅវិញ បើយើងអនុវត្តមិនបានល្អនោះ នឹងបង្កើតនូវភាពចន្លោះប្រហោង ដែលភាពចន្លោះប្រហោងនោះហើយ នឹងផ្ដល់ជាឱកាសដល់ជនល្មើសរួចផុត ពីការទទួលខុសត្រូវ និងគេចផុតពីការផ្ដន្ទាទោសតាមផ្លូវច្បាប់។ អ្នកដែលខាតប្រយោជន៍ធំបំផុតនោះ គឺរដ្ឋតែម្ដងពីព្រោះថា ជនល្មើសនៅតែមានសេរីភាព ដែលអាចបង្កនូវអសន្តិសុខក្នុងសង្គម តាមរយៈការបន្តប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌដដែល ឬប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលមានទំហំព្យសនកម្មធំជាងមុន និងបង្កផលប៉ះពាល់ដល់សង្គមធំជាងមុន។
លោកបានស្នើដល់ឲ្យគ្រប់អង្គភាពពាក់ព័ន្ធទាំងផ្នែកតុលាការ ផ្នែកអយ្យការ និងសមត្ថកិច្ចនគរបាលយុត្តិធម៌ បង្កើនកិច្ចសហការទ្វេរដងថែមទៀត នៅក្នុងការអនុវត្តន៍ច្បាប់ នៅក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងចាប់ជនល្មើសមកផ្ដន្ទាទោសឲ្យខាងតែបាន នៅពេលដែលមានបទល្មើសកើតឡើង ដែលនេះ ម្ខាងគឺក្នុងគោលដៅ ដើម្បីរក្សានូវសន្តិសុខ និងស្ថិរភាពសង្គម និងម្ខាងទៀត គឺដើម្បីបង្កើននូវទំនុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋមកលើសមត្ថកិច្ច និងអង្គភាពតុលាការ។
លោក ម៉ែន វិបុល ក៏បានសូមស្នើឲ្យមានការចូលរួម និងសហការជួយគ្នាទៅវិញទៅមកបន្តទៀត លើកិច្ចនីតិវិធីក្នុងការអនុវត្តន៍តួនាទីភារកិច្ច គឺនៅពេលមន្ត្រីមានសមត្ថកិច្ច មន្ត្រីនគរបាលយុត្តិធម៌ បញ្ជូនសំណុំរឿងមានភាពខ្វះខាតចំណុចណាមួយ សូមឲ្យមន្ត្រីតុលាការជួយបំពេញបន្ថែម ដើម្បីធ្វើយ៉ាងណាឲ្យជនល្មើសអនុវត្តទោសឲ្យបាន។
នៅក្នុងការអនុវត្តមុខងារ សូមឲ្យមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងគោរពឲ្យបានខ្ជាប់ខ្ជាប់ ស្របតាមបទប្បញ្ញត្តិ ដែលមានកំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដោយមិនត្រូវអនុវត្តហួស ពីដែនសមត្ថកិច្ចដែលច្បាប់កំណត់នោះឡើយ ទាំងការងារស៊ើបអង្កេតបទល្មើសជាក់ស្តែង ការងារស៊ើបអង្កេតបឋម រួមទាំងការឃាត់ខ្លួន ការបញ្ជូនខ្លួន ការចាប់ខ្លួន ការឆែកឆេរពាក់ព័ន្ធបទល្មើសជាក់ស្តែង ការឆែកឆេរបទល្មើសមិនជាក់ស្តែងជាដើម។
រាល់ប្រតិបត្តិការទាំងអស់ របស់មន្ត្រីនគរបាលយុត្តិធម៌ គឺត្រូវរាយការណ៍ និងសុំការណែនាំសម្របសម្រួលពីព្រះរាជអាជ្ញា។
លោក បានបន្តថា បញ្ហាប្រឈមដែលបានលើកឡើង នៅក្នុងរបាយការណ៍ ភាគច្រើន គឺពាក់ព័ន្ធនឹងបញ្ហានីតិវិធី នៃការអនុវត្តន៍ ដូច្នេះសូមស្នើដល់អង្គភាពតុលាការ ឬអយ្យការ ជួយរៀបចំឲ្យមាននូវវគ្គបណ្ដុះបណ្ដាល អំពីកិច្ចអនុវត្តនីតិវិធីនេះ ដល់នគរបាលយុត្តិធម៌ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់នៅមូលដ្ឋាន ដើម្បីធានាឲ្យការអនុវត្តន៍កិច្ចការនេះ នាពេលខាងមុខ បានត្រឹមត្រូវ ឆាប់រហ័ស និងចៀសវាងបាននូវកំហុសឆ្គងផ្សេងៗ។
លោកអភិបាលខេត្ត បានណែនាំគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ដឹកនាំ សម្របសម្រួលអនុវត្តសាលក្រមឲ្យបានល្អ និងត្រឹមត្រូវ ចៀសវាងឧក្រិដ្ឋជន ដែលបានកាត់ទោសរួចហើយ ប៉ុន្តែមិនទាន់ត្រូវបានអនុវត្តទោសដាក់ពន្ធនាគារ។ ចំពោះការបន្ធូរបន្ថយទោស ឬការលើកលែងទោស សូមឲ្យក្រុមការងារ នៃគណៈកម្មការបន្ធូបន្ថយទោសថ្នាក់ខេត្ត ពិនិត្យបច្ច័យ វាយតម្លៃ និងវិនិច្ឆ័យឲ្យបានច្បាស់លាស់ ដោយមិនត្រូវបញ្ចូលឈ្មោះទណ្ឌិតដែលបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ ឬបទល្មើសប្លន់ប្រដាប់អាវុធ ទៅក្នុងបញ្ជីស្នើសុំបន្ធូរបន្ថយទោស ឬការលើកលែងទោសនោះឡើយ។
សូមបញ្ជាក់ថា រយៈពេលពេញមួយព្រឹកនេះ ឃើញថា ដំណើរការនៃកិច្ចប្រជុំ បានប្រព្រឹត្តទៅដោយរលូន និងមានការពិភាក្សាយ៉ាងផុលផុស ទៅលើប្រធានបទសំខាន់ៗ ដែលបានគ្រោងទុក ធ្វើឲ្យកិច្ចប្រជុំប្រមូលបាននូវធាតុចូល ក៏ដូចជាមតិយោបល់ និងវិធានការដំណោះស្រាយគន្លឹះល្អៗ គាំទ្រដល់ការអនុវត្តន៍ច្បាប់ និងនីតិវិធីនៃការអនុវត្តន៍ការងារ ឲ្យកាន់តែល្អប្រសើរ ដែលជាចំណុចស្នូលជួយពង្រឹងកិច្ចការគ្រប់គ្រង ដឹកនាំការងារសន្តិសុខសាធារណៈ បង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្ត៕ដោយ៖វ៉ៃកូ