ខេត្តស្វាយរៀង៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយ លោក ស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី នៅថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២០ បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា ៣០ គ្រួសារ ជនពិការ ២ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ២១ គ្រួសារ ) សរុបចំនួន ៥៣ គ្រួសារ ក្នុងស្រុករំដួល មកពីឃុំថ្នាធ្នង់ ១៧ គ្រួសារ ឃុំមុសមន ១៤ គ្រួសារ និងឃុំពងទឹក ២២ គ្រួសារ ។
ការចុះសំណេះសំណាលនាពេលនេះ លោកស្រីបានថ្លែងថា ទោះបីជំងឺឆ្លងកូវីដ ១៩ មានការរីរាលដាល នៅលើពិភពលោកយ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ ។
ហើយដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ កាកបាទក្រហមកម្ពុជាក៏បានរៀបចំ និងបានអនុវត្តវិធានការមួយចំនួន ដើម្បីផ្ដល់កិច្ចអន្តរាគមន៍ជាបន្ទាន់ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេស គ្រួសារក្រីក្រ និងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ។
លោកស្រីបានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសាទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេសសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ដោយ៖វ៉ៃកូ