ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសារលិខិត ក្នុងឱកាសទិវាប្រជាជនពិភពលោក លើកទី៣១ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។
ក្នុងសារលិខិតនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ប្រជាជនកម្ពុជាមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាមួយប្រជាជាតិទូទាំងពិភពលោកប្រារព្ធ ទិវាប្រជាជនពិភពលោក លើកទី៣១។ អង្គការសហប្រជាជាតិ តែងតែលើកទឹកចិត្តដល់បណ្តារដ្ឋភាគីទាំងអស់ ឲ្យប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ នៅថ្ងៃទី១១ ខែកក្កដា ដោយផ្តោតលើប្រធានបទផ្សេងៗគ្នា។ ប្រធានបទក្នុងឆ្នាំ២០២០នេះគឺ «ការបញ្ចប់ការរីករាលដាលជំងឺកូវីដ១៩៖ តើពេលនេះយើងត្រូវការពារសុខភាព និងសិទ្ធិរបស់ស្ត្រី និងកូនក្មេងដោយរបៀបណា?»។ ប្រធានបទនេះ ពិតជាមានអត្ថន័យធំធេងក្នុងស្ថានភាព ដែលពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវីដ១៩) ដែលបានប៉ះពាល់ដ៏ធ្ងន់ធ្ងរសម្រាប់ជីវិតមនុស្ស សហគមន៍ និងសេដ្ឋកិច្ចសង្គម នៅគ្រប់ទិសទីទូទាំងពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ បានបង្កបញ្ហាប្រឈមដល់មនុស្សគ្រប់គ្នានៅលើពិភពលោក ក្នុងនោះស្ត្រីជាមុខសញ្ញាចម្បង ដែលអាចទទួល រងនូវការប៉ះពាល់មុនគេ ជាពិសេសបុគ្គលិកសុខាភិបាលជាស្ត្រី។ ជាក់ស្តែង ថ្មីៗនេះការស្រាវជ្រាវរបស់អង្គការមូលនិធិ សហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) បង្ហាញថា ប្រសិនបើវិធានការបង្ខាំង បន្តរយៈពេល៦ខែទៀត ហើយការផ្តល់សេវាសុខភាពមិនបានពេញលេញដោយសារជំងឺកូវីដ១៩ ពេលនោះ នឹងមានស្ត្រីជាង៤៧លាននាក់ នៅក្នុងបណ្តាប្រទេសដែលមានចំណូលទាប និងចំណូលមធ្យម នឹងមិនអាចទទួលបានសេវាពន្យារកំណើតទំនើប ដែលជាលទ្ធផល ស្ត្រីប្រហែល៧លាននាក់ នឹងអាចមានផ្ទៃពោះមិនតាមប្រាថ្នា ហើយអំពើហិង្សាផ្អែកលើយែនឌ័រ នឹងអាចកើតមានប្រហែល ៣១លានករណីបន្ថែមទៀត។ លើសពីនេះទៀត បើធៀបនឹងបុរស ស្ត្រីធ្វើការនៅក្នុងផ្សារពលកម្ម ដែលមិនសូវមានសុវត្ថិភាព ត្រូវរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរជាង ពីវិបត្តិកូវីដ១៩។ ស្ត្រីជិត ៦០% នៅទូទាំងពិភពលោក កំពុងធ្វើការនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលងាយរងហានិភ័យខ្ពស់ ក្នុងការធ្លាក់ចូលក្នុងភាពក្រីក្រ។ ការងារថែទាំ ដែលមិនមានប្រាក់កម្រៃរបស់ស្ត្រី មានការកើនឡើង ដោយសារការបិទសាលារៀន និងការកើនឡើងនៃតម្រូវការរបស់មនុស្សវ័យចាស់។ ជំងឺឆ្លងកូវីដ១៩ កំពុងវាយលុកសហគមន៍ ដែលងាយរងគ្រោះ ជាពិសេសការកើតមានវិសមភាពកាន់តែខ្លាំង និងការរេរាំងដល់កិច្ចខិតខំប្រឹងប្រែងសម្រេចគោលដៅរួមរបស់យើងគឺ «ការកសាងពិភពលោកមួយ ដែលគ្មាននរណាម្នាក់ ត្រូវបានបំភ្លេចចោល។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើពិនិត្យជារួម ការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ហើយសង្គមជាតិយើងទាំងមូល នៅតែបន្តតស៊ូប្រយុទ្ធប្រឆាំង នឹងការឆ្លងរាតត្បាតជំងឺកូវីដ-១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហការល្អ ជាមួយនឹងស្ថាប័នរបស់ អង្គការសហប្រជាជាតិ និងប្រទេស ជារដ្ឋភាគីទាំងអស់ ជាពិសេសអង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ សំដៅលុបបំបាត់ទាំងស្រុង ជំងឺកូវីដ-១៩ និងការពារសុខុមាលភាព របស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនក្នុងពិភពលោក។
នៅក្នុងវិស័យសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញវិធានការអន្តរាគមន៍ចំនួន៤ ជុំរួចមកហើយ ដែលវិធានការអន្តរាគមន៍ទាំងនោះ មានដូចជា ការអនុគ្រោះពន្ធ ការអនុញ្ញាតមិនឲ្យបង់ប្រាក់វិភាគទានធានារ៉ាប់រងហានិភ័យការងារនិងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន ការបង្កើនសន្ទស្សនីយភាពនៅក្នុងទីផ្សារ ការផ្តល់ប្រាប់ឧបត្ថម្ភរយៈពេល២ខែសម្រាប់កម្មករ បុគ្គលិក ក្នុងវិស័យកាត់ដេរនិងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេសដើម្បីជួយស្តារលទ្ធភាពនិងលើកទឹកចិត្តអាជីវកម្មសហគ្រាសធុនតូច និងមធ្យម ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ និងការរៀបចំគម្រោងហិរញ្ញប្បទានសម្រាប់ទុនបង្វិលដើម្បីបំពេញតម្រូវការរបស់រោងចក្រ សហគ្រាស និងអាជីវកម្មទាំងអស់។
សម្ដេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ជាពិសេសមន្ត្រីសុខាភិបាល ជួរមុខ ដែលបានចូលរួមគាំទ្រ និងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះអង្គការសហប្រជាជាតិ ជាពិសេស អង្គការសុខភាពពិភពលោក និងបណ្ដាប្រទេស ជាមិត្តទាំងអស់ ដែលបានគាំទ្រដល់កម្ពុជា ទាំងស្មារតី ទាំង សម្ភារសុខាភិបាល និងវិធីសាស្ដ្រព្យាបាល និងទប់ស្កាត់ការឆ្លងកូវីដ-១៩ ជាពិសេស សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលបានគាំទ្រដល់ប្រជាជនកម្ពុជា នៅក្នុងស្ថានភាពដ៏លំបាកនេះ៕
ដោយ៖កូឡាប