Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គុយបា​ជា​ប្រទេស​ទី​៤ ដែល​បានមក​ដាក់​ទូត​នៅ​កម្ពុជា បន្ទាប់​ពីក្រោយ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩

​ភ្នំពេញ​៖ ក្នុង​គ្រា​ដែល​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យ​លោកជំទាវ លី​អឹ​កា រ៉ូ​ឌ្រី​ហ្គេ បារី​យ៉ូ​ស (Liurka Rogriguez Barrios) ឯកអគ្គរដ្ឋទូត​គុយបា​ប្រចាំ​នៅ​កម្ពុជា​ចូលជួប​សំដែង​ការគួរសម កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែកក្កដា នៅ​ទីស្តីការក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ដោយ​លោកជំទាវ​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​គូ​បា តាមរយៈ​នៃ​ជំនួប​នេះ​ថា​៖ កម្ពុជា​មិនអាច​បំភ្លេច​បានទេ​នូវ​ចំណង​ការទូត រវាង​ប្រទេស​ទាំងពីរ​ដែលមាន​រយៈ​ពេល​៦០​ឆ្នាំ​មកនេះ ដោយបាន​ចាប់ផ្តើម​ឡើង​តាំងពី​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតនៈ​កោដ្ឋ អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុង​ឆ្នាំ​១៩៦០ ។ ជាពិសេស​ទៅទៀត នៅក្រោយ​ថ្ងៃ​រំដោះ​៧​មករា ១៩៧៩ ដែល​កម្ពុជា​ទើបតែ​បាន​រួច​ផុតពី​របប​ប្រល័យ​ពូ​ជា​សាសន៍ ប៉ុលពត រដ្ឋាភិបាល​គុយបា​ក៏បាន​បញ្ជូន​មន្ត្រីការទូត​មកកាន់​ក​ម្ពុ​ជា នា​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​១៩៧៩ ។​

​លោក​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តថា នៅពេលដែល​កម្ពុជា​ត្រូវបាន​ប្រទេស​លោកខាងលិច និង​បណ្តា​ប្រទេស​មួយចំនួន បាន​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ចកម្ពុជា ប្រទេស​គុយបា បាន​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​មួយចំនួន​ដូចជា សុខាភិបាល វប្បធម៌ អប់រំ​និង​កីឡា​ជាដើម ។

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោកជំទាវ ម៉ែន សំអន បានចាត់ទុក​ប្រជាជន​គុយបា និង​រដ្ឋាភិបាល​គុយបា ជា​មិត្ត​ដ៏​ល្អ​ដែល​បាន​ជួយ​ស្តារ​ប្រទេស​កម្ពុជា​មកដល់​បច្ចុប្បន្ន ។​

​ជាការ​ឆ្លើយតប លោកជំទាវ ឯកអគ្គរដ្ឋទូត​គុយបា ប្រចាំ​កម្ពុជា បាន​រំលឹកថា គុយបា​ក៏​ជា​ប្រ​ធ្លាប់​ទទួលរង​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ដូច​កម្ពុជា​ដែរ តែ​យើង​ខិត​ងើប​ផុតពី​កត្តា​ទាំងអស់នេះ​បាន​ដោយ​ជោគជ័យ ។ បើទោះជា​យ៉ាងណាក៏ដោយ លោកជំទាវ​ឯកអគ្គរដ្ឋទូត​បាន​យល់ឃើញថា កម្ពុជា​ខុសពី​គុយបា ព្រោះ​កម្ពុជា ជា​ប្រទេស​ដែល​ងើប​ចេញ​ចំណុចសូន្យ ហើយ​បាន​ដឹកនាំ​ទេស​ចេញពី​បាតដៃ​ទទេ រហូតដល់​មានការ​រីកចំរើន​ដែល​នឹកស្មាន​មិន​ដល់​នាពេល​បច្ចុប្បន្ន​។ ពិសេស​ជាងនេះទៅទៀត​នោះ ក្នុង​គ្រា​ដែល​ពិភពលោក​កំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ជំ​ងី​កូ​វីដ​-១៩ កម្ពុជា​មិនមាន​អ្នក​កើត មិនមាន​ការរីក​រាល​ដាល​ច្រើន និង​មិនមាន​អ្នកស្លាប់ រីឯ​ជំងឺ​ដែល​កើតឡើង​គឺជា​ការហូរចូល​ពី​ប្រទេសក្រៅ​តែប៉ុណ្ណោះ ។

​លោកជំទាវ ម៉ែន សំអន បាន​អរគុណ​ចំពោះ​ចំណាប់អារម្មណ៍​របស់លោក​ជំទាវ​ឯកអគ្គរដ្ឋទូត និង​បានបញ្ជាក់​បន្ថែមថា ៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​ពង្រឹង​ទប់ស្កាត់​ការចម្លង​នៃ​ជំងឺ​កូ​វីដ​-១៩ និង​បាន​ដាក់ចេញ​នូវ​ផែន​ទ្រទ្រង់​ជីវភាព​របស់​ប្រជាជន​ខ្វះខាត ដោយ​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​-១៩ តាមរយៈ​នៃ​ការចុះ​ធ្វើ អត្តសញ្ញាណ្ណ​កម្ម​ក្រីក្រ​ដោយ​គណៈកម្មការ​វាយតម្លៃ តាំងពី​ថ្នាក់ជាតិ​រហូតដល់​មូលដ្ឋាន និង​ផ្តល់ជូន​ប័ណ្ណ​សមធម៌ ដើម្បី​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល រហូតដល់​ចប់​កូ​វីដ ។ រីឯ​កម្មករ ក៏​ទទួល​ថវិការ​ឧបត្ថម្ភ​ពី​រា​រដ្ឋាភិបាល រួមជាមួយ​និយោជក​ផងដែរ ។​

​ចុងបញ្ចប់​លោកជំទាវ កិ​ត្ត​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ជូនពរ​ឲ្យ​ដំណើរ​បេសកកម្ម​ការទូត​របស់លោក​ជំទាវ ទទួលបាន​ជោគជ័យ នឹង​ពង្រឹង​បាន​នូវ​កិច្ច​សហប្រតិបត្តិ​ថ្មី​បន្ថែមទៀត តាមរយៈ​នេះដែរ សុំ​ឲ្យ​ខាង​គូ​បា​ចូលរួម​លើកកម្ពស់​ដល់​នារី​កម្ពុជា ហើយ​ប្រសិនបើ​មានឱកាស លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី សូម​អញ្ជើញ លោកជំទាវ​អគ្គរដ្ឋទូត​ទៅធ្វើ​ទស្សនកិច្ច​នៅតាម​សហគមន៍​នា​ខេត្ត​មួយចំនួន​ផងដែរ ៕​ដោយ៖កូឡាប

×