Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាយ​ស្ដារ​ប្រឡាយ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​បញ្ជៀ​ស​ការលិចលង់​មុខ​សាលាក្តី​ខ្មែរក្រហម

​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧​នេះ បាន ដឹកនាំ​មន្ត្រី​គ្រឿងចក្រ​កាយ​ប្រឡាយ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក និង​សង្កាត់​ចោមចៅ​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​បញ្ជៀ​ស​ការលិចលង់ ដែល​បានកើត​ឡើងជា​ប្រចាំ​នៅមុខ​សាលាក្តី​ខ្មែរក្រហម​។​
ក្នុង​ខ​ណះ​ចុះ​ពិនិត្យ​ដោយផ្ទាល់​ការកាយ​ប្រឡាយ​អម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ពី​កែង​ផ្លូវ​អូ​ដឹ​មក​ប់​ស្រូវ​រហូតដល់​មុខ​សាលាក្ដី​ខ្មែរក្រហម​នោះ​លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​លោក​ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​សហការ​ជាមួយ​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ជំរុញ​ការកាយ​ស្ដារ​ប្រឡាយ​អម​ផ្លូវជាតិ​លេខ​៤​ឱ្យបាន​លឿន​រំដោះ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​តំ​ខាងលើ​ពិសេស​មុខ​សាលាក្ដី​ខ្មែរក្រហម ។​


ក្នុងនោះ​លោក​អភិបាល​រាជធានី​បានដាក់​បញ្ជា​ឱ្យ​លោក​ហែម ដា​រិ​ទ្ធិ កាយ​ផ្ដាច់​ស្ពានឈើ​សង់កាត់​លើ​ប្រឡាយ​អម​ផ្លូវជាតិ​លេខ​៤​មុខផ្ទះ​ប្រជ​ស​ពលរដ្ឋ​ចោល​និង​កាយ​យក​សំរាម​ចេញពី​ក្នុង​ប្រឡាយ​បើកមុខ​ទឹក​ឱ្យ​ហូរ​បាន​លឿន​។ ជាការ​ឆ្លើយតប​លោក​ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​ថា​លោក​នឹង​សហការ​ជាមួយ​មន្ទីរជំនាញ​បន្ត​ការកាយ​ស្ដារ​ប្រឡាយ​នេះ​តាម​ការណែនាំ​របស់លោក​អភិបាល​រាជធានី​។​

ជាមួយគ្នា​នោះដែរ​លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់ថា ៖​រយះពេល​២​ថ្ងៃ​កន្លងមក​បានដាក់​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ចំនួន​៤​គ្រឿង រថយន្ត​ដឹក​ចំនួន​៣​គ្រឿង ជីក​ស្តារ​ប្រឡាយ​ទួល​ពង្រ និង​ប្រឡាយ​ព្រែក​ហា គិត​ត្រឹម​ម៉ោង​ជិត​៦​ល្ងាច​កាលពី​ថ្ងៃទី​១០ ខែតុលា ស្ថានភាព​ទឹក​លិច​នៅ​តំបន់​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ល្វា ភូមិ​ត្រពាំង​រំចេក ភូមិ​ទួល​ពង្រ ភូមិ​ត្រពាំង​ថ្លឹង ភូមិ​ព្រៃ​សណ្តែក ភូមិ​ក្រាំង​ដូន​ទៃ ភូមិ​កាប់​គង ក្នុង​សង្កាត់​ចោមចៅ​ទី​១ និង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទឹកបាន​ស្រក​ពី​០.២​ម៉ែត្រ​ទៅ​០.៤​ម៉ែត្រ និង​កំពុង​បន្ត​ស្រក​។​

លោក​ប្រធាន​បន្តថា កាលពី​ថ្ងៃទី​១០ ខែតុលា ទឹកបាន​ស្រក នៅ​ចំណុច​ខាងលើ​កន្លែង​ខ្លះ​៣​តឹក និង​កន្លែង​ខ្លះ​៤​តឹក ធ្វើឱ្យ​ទឹក​លិច​នៅ​តំបន់​ផ្លូវជាតិ​លេខ​៤ និង​មុខ​សាលាក្ដី​ខ្មែរក្រហម ក៏ប៉ុន្តែ​កាលពី​យប់​ថ្ងៃទី​១០ ខែតុលា​នេះ ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើឱ្យ​ជំនន់​ទឹកភ្លៀង នៅ​ខេត្តកំពង់ស្ពឺ​ឡើង​ខ្លាំង​ធ្វើឱ្យ​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត នៅក្នុង​ភូមិសាស្ត្រ​ភ្នំពេញ ក៏​ឡើងដល់​កំពស់​៨​តឹក ធ្វើឱ្យ​ទឹក​លិច​នៅ​ផ្លូវជាតិ​លេខ​៤ និង​មុខ​សាលាក្ដី​ខ្មែរក្រហម​ឡើងវិញ នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា​តែ​មកដល់​ល្ងាច​ថ្ងៃទី​១១​ខែតុលា​ដដែល​នេះ​ទឹកបាន​ស្រក​វិញ​ច្រើនជាង​មុន​ដោយសារ​កាយ​ប្រឡាយ​ទួល​ពង្រ​ផង​និង​ប្រឡាយ​អម​ផ្លូវជាតិ​លេខ​៤​ផង​នោះ​៕​​ដោយ​៖​កូ​ឡាប​

×