ត្បូងឃ្មុំ៖ សង្ស័យស្នេហាត្រីកោណ មន្ត្រីនគរបាលម្នាក់ ដកកាំភ្លើងបាញ់ចេញពីក្នុងរថយន្ត សំដៅលើនារីម្នាក់បណ្ដាលឲ្យស្លាប់ ហើយឃាតករបានបើករថយន្តគេចខ្លួន ទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២០និង០៦នាទី នៅចំណុចមុខ KTV ហ្គោក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ករណីឃាតកម្មបាញ់សម្លាប់នារីឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ បង្កឡើងដោយមន្ត្រីនគរបាលខេត្តត្បូងឃ្មុំ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ។ មន្ត្រីនគរបាលរូបនោះបាន ដកកាំភ្លើងបាញ់ចេញពីក្នុងរថយន្ត សំដៅទៅលើនារីរងគ្រោះ បណ្ដាលឲ្យស្លាប់ ហើយក្រោយបាញ់ភ្លាម ជនល្មើសបានបើករថយន្តគេច ជ្រុលទៅបុករថយន្ត១គ្រឿង ហើយត្រូវរងរបួសធ្ងន់ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ដោយស្ថានភាពធ្ងន់ធ្ងរ គ្រូពេទ្យបានបញ្ជូនជនដៃដល់ ទៅមន្ទីរពេទ្យកំពង់ចាម។
ករណីនេះ នៅមិនទាន់ដឹងថា ជារឿងគំនុំ ឬស្នេហាត្រីកោណ យ៉ាងណានោះទេ។
ខណៈពេលខ្មាន់កាំភ្លើងកំពុងតែសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ កម្លាំងនគរបាលស្រុកពញាក្រែក ត្រូវដាក់ដើម្បីការពារជនល្មើស៕ ដោយ៖កូឡាប