បាត់ដំបង៖ បុរសម្នាក់ឈ្មោះកែវ នេន អាយុ៣២ឆ្នាំ រស់នៅផ្ទះលើទឹកស្ថិតក្នុងភូមិបាក់ព្រា បានកាន់រូបថតប្រពន្ធឈ្មោះអ៊ុន សុឃន អាយុ៣៤ឆ្នាំ ដើរសួរអ្នកស្រុក និងក្នុងក្រុងបាត់ដំបង ដើម្បីស្វែងរកប្រពន្ធដែលចុះចេញពីផ្ទះ យកទាំងទ្រព្យសម្បត្តិ និងចោលកូនប្រុសស្រី២នាក់ មកបាត់ជិត១០ថ្ងៃ ដោយពុំដឹងពីមូលហេតុ។
ប្ដីសុំអង្វរឲ្យប្រពន្ធ ដែលចុះចោលប្ដីនិងកូន២នាក់ ត្រឡប់មកផ្ទះវិញ ឬបងប្អូនណា ដែលបានឃើញភិនភាគប្រពន្ធដូចរូបថតនេះ សូមជួយប្រាប់ប្រពន្ធឲ្យត្រឡប់មកវិញផង ប្ដីនៅរង់ចាំទទួលមិនរករឿងហេតុអ្វីឡើយ។
បុរសម្នាក់ជាប្ដីឈ្មោះកែវ នេន អាយុ៣២ឆ្នាំ រស់នៅផ្ទះលើទឹកស្ថិតក្នុងភូមិបាក់ព្រា បានបញ្ជាក់ថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ រូបគេបានឲ្យថ្នាំសរសៃប្រសាទលេបអស់ចំំនួន២គ្រាប់ ហើយក៏ដេកលង់លក់ទៅ។ ក្រោយពីភ្ញាក់ដឹងខ្លួនវិញ ស្រាប់តែបាត់ប្រពន្ធតែម្ដង។
កូនប្រុសរបស់ស្ត្រីឈ្មោះអ៊ុន សុឃន បានយំរៀបរាប់សុំអង្វរឲ្យម្ដាយត្រឡប់មកផ្ទះវិញ ទាំងឪពុក និងកូនទាំង២នាក់ នៅរង់ចាំទទួលម្ដាយវិញ។
ចំណែកលោកអ៊ិន សេនា នាយប៉ុស្ដិ៍រដ្ឋបាលឃុំព្រៃចាស់ បានឲ្យដឹងថា ស្ត្រីជាប្រពន្ធឈ្មោះអ៊ុន សុឃន អាយុ៣៤ឆ្នាំនេះ បានចុះចេញពីផ្ទះបាត់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ដោយពុំដឹងពីមូលហេតុ ព្រោះប្ដីប្រពន្ធទាំង២នាក់នេះ មិនដែលមានរឿងទំនាស់់់់់់់់់់់់់់់់់់អ្វីជាមួយគ្នាទេ។ ប៉ុន្តែ បើតាមសំដីកូនទាំង២នាក់ និយាយប្រាប់សមត្ថកិច្ចថា ម្ដាយគេ (ឈ្មោះអ៊ុន សុឃន) តែងតែនិយាយទូរស័ព្ទ លេងហ្វេសប៊ុក នៅពេលយប់ ឬពេលឪពុកចេញទៅធ្វើការបាត់ៗ ជារៀងរាល់ថ្ងៃ ប៉ុន្តែមិនដឹងជានិយាយជាមួយនរណាឡើយ៕ ដោយ៖អ៊ុងសារុំ