បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយក្រសួងពាក់ព័ន្ធ បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក ស្តីពីការអប់រំភាពជាអ្នកដឹកនាំ ដល់មន្ត្រីរាជការ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ដល់ទី១០ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា ក្នុងវគ្គនេះវាគ្មិននឹងធ្វើបទបង្ហាញលក្ខណៈសម្បត្តិ គុណតម្លៃ ចក្ខុវិស័យ ក្នុងគោលបំណងនិងទំនួលខុសត្រូវ ការទំនាក់ទំនងរបស់អ្នកដឹកនាំ។ មួយវិញទៀត ក្នុងវគ្គបណ្ដុះបណ្ដាល គឺមានកិច្ចពិភាក្សាផែនការទទួលខុសត្រូវ របស់ក្រុមគ្រូបង្គោលថ្នាក់ខេត្តនិងស្រុក តាមដាននិងវាយតម្លៃ ការលើកទឹកចិត្តនិងការប្រកួតប្រជែង នៃកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ។ ការកំណត់គោលដៅសម្រាប់ក្រុមប្រឹក្សាឃុំ ការចំណាយនិងត្រៀមរៀបចំវគ្គបណ្ដុះបណ្ដាល សម្រាប់ក្រុមប្រឹក្សាឃុំនិងការបង្វឹកក្រុមប្រឹក្សាឃុំ។
លោក សឿម ប៊ុនរិទ្ធ បានជំរុញទៅដល់សិក្ខាកាម ដែលត្រូវធ្វើជាគ្រូបង្គោល ហើយចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ត្រូវខិតខំសិក្សារៀនសូត្រ ទទួលយកចំណេះដឹងឲ្យបានច្បាស់លាស់ ដើម្បីយកទៅអប់រំផ្សព្វផ្សាយបន្ត ហើយសម្រាប់ក្រុមប្រឹក្សាឃុំ ដែលទទួលបានការអប់រំ អាចអនុវត្តការងារទៅចំគោលដៅ។
គួរបញ្ជាក់ថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលសម្រាប់គ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បីអាចធ្វើការបណ្ដុះបណ្ដាលបន្ត ទៅដល់ក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងស្រុកសាមីរបស់ខ្លួន៕ ដោយ៖អ៊ុងសារុំ