ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការីនាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនជនងាយរងគ្រោះ (ចាស់ជរា ២៣ គ្រួសារ ជនពិការ ៣ នាក់ ស្ត្រីមេម៉ាយ ១៤ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ១៨ គ្រួសារ) សរុប ៥៨ គ្រួសារ ក្នុងស្រុកស្វាយទាប មកពីឃុំរមាំងថ្កោល ១៥ គ្រួសារ ស្វាយរំពារ ១៤ គ្រួសារ គគីរសោម ១៥ គ្រួសារ និងឃុំព្រៃតាអី ១៤ គ្រួសារ ។
មានប្រសាសន៍នាឱកាសនោះ លោក ម៉ែន វិបុល បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ជាពិសេសក្នុងពេលដែលពិភពលោក កំពុងព្រួយបារម្ភ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិពលជំងឺកូវីដ-១៩ បានបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូន ក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ ។
លោកប្រធានគណៈកម្មាធិការសាខាក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាត របស់បងប្អូនបានមួយរយៈពេលប៉ុណ្ណោះ ហើយរដូវវស្សាបានឈានចូលមកដល់ហើយ ត្រូវរួសរាន់ត្រៀមលក្ខណៈបង្កបង្កើនផល ដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ។
លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ បើទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើម្បីការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ ១៩ នេះឱ្យសោះក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង ។
លោកម៉ែន វិបុល ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តឱ្យបានជាប្រចាំនូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំ ដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស់ នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានា ម្យ៉ាងវិញទៀត ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ សំខាន់កាត់បន្ថយឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ធ្វើការអប់រំកូនចៅ ជៀសឆ្ងាយពីគ្រឿងញៀន និងខិតខំប្រកបមុខរបរបង្កបន្ថែម ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ ៕ដោយ៖ វ៉ៃកូ