បាត់ដំបង៖ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន បានរួមគ្នាធ្វើពិធីដុតកម្ទេចគ្រឿងញៀនចំនួនជាង២៣គីឡូក្រាម ដែលរឹបអូសបានពីជនសង្ស័យ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០។ ពិធីនេះ បានប្រព្រឹត្តធ្វើឡើងនៅខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
សម្រាប់ខេត្តទាំង៤ ពិធីរួមគ្នាដុតកម្ទេចគ្រឿងញៀនមានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន ដែលមានគ្រឿងញៀនទាំងប្រភេទគ្រាប់និងម្ស៉ៅ ចំនួន២៣.៦៤៧,០៨ក្រាម ស្មើនឹង៥៣១សំណុំរឿង ខណៈខេត្តបាត់ដំបង មានចំនួន ១៦៩សំណុំរឿង។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀន នៅតែបន្តឲ្យមានការព្រួយបារម្ភនៅកម្ពុជា ហើយរាជរដ្ឋាភិបាល ក៏បានខិតខំយ៉ាងខ្លាំងផងដែរ ក្នុងការដោះស្រាយ និងលុបបំបាត់នូវបញ្ហានេះ និងដើម្បីលុបបំបាត់នូវបញ្ហាគ្រឿងញៀន គឺពឹងផ្អែកទៅលើកត្តាចំនួន៣ កត្តាទី១ គឺខ្លួនឯងផ្ទាល់មិនប្រើប្រាស់គ្រឿងញៀន បើកាលណាមិនមានអ្នកប្រើក្នុងកន្លែងណាមួយហើយនោះ ក៏គ្មានការចែកចាយជួញដូរនោះដែរ។ កត្តាទី២ ត្រូវមានការចូលរួមពីសហគមន៍ ដែលមានទាំងការយល់ដឹងពីគ្រោះថ្នាក់ នៃគ្រឿងញៀន ទោសទណ្ឌនៃបទល្មើស និងការរាយការណ៍ពីបញ្ហានេះទៅសមត្ថកិច្ច ។ កត្តាទី៣ វិធានការយ៉ាងម៉ឺងម៉ាត់ របស់សមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ស្កាត់ បង្ក្រាបមិនឲ្យមានការរីករាលដាល នៃអ្នកប្រើប្រាស់ ហើយត្រូវអនុត្តចាប់ឲ្យបាននូវមេខ្លោងជួញដូរចែកចាយ ដើម្បីផ្ដន្ទាទោសតាមច្បាប់។
លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងនគរបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា មួយឆមាស ដើមឆ្នាំ២០២០ នៅខេត្តបាត់ដំបង បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៤៧៦ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ៨៩១នាក់ (ស្រី២៦នាក់) ។ ការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ២.៣៥២គ្រាប់ គ្រឿងញៀនក្រាមពណ៌សថ្លាចំនួន ១០.៦៦៩,៣៥ក្រាម គ្រឿងញៀនអ៊ិចស្ដាស៊ីចំនួន ២០,៣៤ក្រាម កេតាមីន ៨,៧០ក្រាម ដើមកញ្ឆាស្រស់ចំនួន ១.៨០១ដើម អាវុធខ្លី ១ដើម រថយន្តធុនតូច ៩គ្រឿង ម៉ូតូ ៧៦គ្រឿងនិងទូរស័ព្ទដៃ ២៦២គ្រឿង និងវត្ថុតាងផ្សេងៗទៀត ៕ ដោយ៖អ៊ុងសារុំ