ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានលើកឡើងថា រហូតមកទល់នឹងពេលនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ចំនួន ៤៥០ រោងចក្រ បានព្យួរការងារ ខណៈការនាំចេញវិស័យកាត់ដេរនេះ បានធ្លាក់ចុះ ជាង ៥% នៅឆមាសទី១ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ហេង សួរ បាននិយាយថា « ពាក់ព័ន្ធជាមួយ នឹងតួលេខនៃការនាំចេញ សម្រាប់វិស័យកាត់ដេរនេះ គឺ បើប្រៀបធៀប ឆ្នាំ២០២០ ទៅឆ្នាំ ២០១៩ តាមតួលេខ ដែលទទួលបានពីអគ្គនាយកដ្ឋានគយហ្នឹង គឺមានការថយចុះ ៥,៤% ដែលឆ្នាំកន្លងទៅ យើងនាំចេញក្នុងឆមាសទី១ ឆ្នាំ២០១៩ គឺជាង ៤ពាន់ លានដុល្លារ ប៉ុន្តែនៅឆមាសទី១ ឆ្នាំ២០២០នេះ គឺជាង ៣.៧៨៤ លានដុល្លារ»។
ជុំវិញការធ្លាក់ចុះនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារ បង្វែរសំណួរឲ្យទៅសួរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែបើតាមការដកស្រង់ពីសារព័ត៌មាន ដោយសារតែមានផលប៉ះពាល់មកពីជំងឺ កូវីដ-១៩ ដែលបានធ្វើឲ្យតម្រូវការនៃការបញ្ជា ទិញសម្លៀកបំពាក់ មានការថយចុះជាសកល ខណៈដែលការថយចុះ នៃវិស័យកាត់ដេរ គឺមិនមែនតែកម្ពុជានោះទេ ក្នុងនោះ ក៏មានវៀតណាម និងបង់ក្លាដេសផងដែរ។
ជាមួយគ្នានេះ ដើម្បីជួយ សម្រួលបន្ទុកដល់ថៅកែរោងចក្រ និងជួយដល់កម្មករ ដែលត្រូវបាន ព្យួរការងារ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភ ចំនួន ៤០ ដុល្លារ ក្នុងមួយខែ សម្រាប់ពួកគេដោយក្នុងនោះ រាជរដ្ឋាភិបាលមានកញ្ចប់ ថវិកាប្រមាណ ៦០ លានដុល្លារ ដោយរហូតមកទល់ពេលនេះ មានកម្មករកម្មការិនីប្រមាណ ១៧ម៉ឺននាក់ហើយ បានទទួលប្រាក់ឧបត្ថម្ភនេះ។
គួរបញ្ជាក់ថា បើតាមក្រសួងការងារ នៅឆ្នាំ២០២០នេះ រោងចក្រកាត់ដេរ ដែលបានបិទទ្វារលែងដំណើរការ មានចំនួន ៨៣រោងចក្រ ខណៈ កាលពីឆ្នាំ ២០១៩ បិទទ្វារចំនួន ៧៥រោចក្រ។ មន្ត្រីនាំពាក្យរូបនេះ បានអះអាងទៀតថា បើកុំតែ មានគោលនយោបាយលើកទឹកចិត្ត និងការសម្របសម្រួល ពីសំណាក់រាជរដ្ឋាភិបាលទេនោះ ចំនួននៃការបិទរោងចក្រ នៅឆមាសទី១នៃឆ្នាំនេះ គឺអាចនឹងមានការកើនឡើងច្រើនជាងនេះទៀត៕
ដោយ៖CEN