ខេត្តស្វាយរៀង៖ លោក ជុក មុន្នី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងស្វាយរៀង លោក សំ សេរីរតន៍ អនុប្រធានក្រុមការងារនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី នៅក្នុងកម្មវិធីវេទិកាសាធារណៈ ដែលបានប្រារព្ធធ្វើឡើងនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោកអភិបាលក្រុង លោកប្រធានក្រុមការងារ ចុះជួយសង្តាត់ស្វាយរៀង ហើយនិងប្រជាពលរដ្ឋ ចូលរួមក្នុងវេទិកានេះមានចំនួន ៥៨គ្រួសារផងដែរ។
លោក កែរ រដ្ឋា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានសង្កាត់ស្វាយរៀង បានឱ្យដឹងថា គោលបំណងនៃការរៀបចំធ្វើវេទិកាសាធារណៈនេះឡើង គឺដើម្បីពិនិត្យដោះស្រាយ ទទួលយកសំណូមពរពីប្រជាពលរដ្ឋ នៅមូលដ្ឋានជាក់ស្តែង មានតម្រូវការសំណូមពរ និងតម្រូវការចាំបាច់ ហើយបើសំណូមពររបស់ប្រជាពលរដ្ឋ មិនអាចដោះស្រាយបានទេនោះ ក្រុមការងារនឹងទទួលយកសំណូមពរទាំងនោះ ទុកពិភាក្សាគ្នា ដើម្បីដោះស្រាយនាឱកាសក្រោយៗទៀត។
ក្នុងឱកាសនោះ លោក ជុក មុន្នី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងស្វាយរៀង ក៏បានលើកឡើងពីការអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងក្រុងស្វាយរៀង នាពេលបច្ចុប្បន្នដែលសម្រេចបាន។ លោកប្រធានក្រុមការងារ ក៏បាននាំមកនូវបណ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅទីនេះ។ ជាពិសេសលោក ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ ១៩ ដែលជាបញ្ហាប្រឈម រួមទូទាំងសកលលោកនាពេលនេះឡើយ បើទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើម្បីការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ នេះឱ្យសោះក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង ។
លោក ជុក មុន្នី ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តឱ្យបានជាប្រចាំនូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃ ជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានា ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះនូវបញ្ហារស់នៅ នារដូវកូវីដរាជរដ្ឋាភិបាល ក៏បានបញ្ចេញនូវថវិកា រួមនឹងគ្រឿងឧបភោគបរិគោកមួយចំនួន យកទៅចែកជូនដល់ដៃ ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនឱ្យមានប្រជាពរដ្ឋណាម្នាក់ស្លាប់ ដោយអត់បាយនោះដែរ៕ដោយ៖ វ៉ៃកូ