ត្បូងឃ្មុំ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចេញរបាយការណ៍ចំពោះករណីឃាតកម្មដែលមន្ត្រីនគរបាលបាញ់ម្នាក់ បាញ់នារីខារ៉ាអូខេម្នាក់ បណ្ដាលឲ្យស្លាប់នឹងកន្លែងនោះ អាចបណ្ដាលមកពីការប្រច័ណ្ឌ ។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ឡា ត្បូងឃ្មុំ ដែលបានផ្ដល់ព័ត៌មានអំពីករណីឃាតកម្មមួយដែលបានកើតឡើងកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង២០និង០៦នាទី នៅចំណុចភូមិជីមាន់កណ្ដាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ស្នងការខេត្តត្បូងឃ្មុំ សូមជម្រាបជូនសាធារណជន និងអ្នកនិយមប្រើបណ្ដាញសង្គមហ្វេសប៊ុកជ្រាបថា បន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះអន្តរាគមន៍ដល់ចំណុចកើតហេតុភ្លាមៗ ក្នុងការអនុវត្តជំនាញប្រមូលភស្តុតាង ធ្វើកោសល្យវិច័យ និងដេញតាមស្រាវជ្រាវចាប់ជនសង្ស័យ។
ជាលទ្ធផលសមត្ថកិច្ចនគរបាលចាប់ខ្លួនបានជនសង្ស័យឈ្មោះឈ្មោះ មូល ទិត្យឧត្តម ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជា មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ទីលំនៅអចិន្ត្រៃយ៍ ភូមិទី៧ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ជូនថា ចំពោះករណីឃាតកម្មខាងលើ ជនសង្ស័យបានប្រើប្រាស់អាវុធបាញ់ឈ្មោះ ហេង សុខហ៊ាម ភេទស្រី អាយុ២២ឆ្នាំ ទីលំនៅភូមិ៣៧ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្តាឲ្យស្លាប់។ តាមការសន្និដ្ឋានបឋម ករណីឃាតកម្មនេះអាចបណ្ដាលមកពីការប្រច័ណ្ឌ ។
ស្នងការខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញសង្គមដែលបានផ្ដល់ព័ត៌មាន ចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងក៏សូមសំណូមពរដល់បណ្តាញសង្គម មេត្តាចៀសវាងធ្វើការសន្និដ្ឋាន វាយតម្លៃលើកំហុសឆ្គងរបស់បុគ្គល ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន៕ ដោយ៖កូឡាប