ភ្នំពេញ៖ នៅដំណាច់ខែកក្កដាឆ្នាំ២០២០នេះ ប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ នឹងប្ដូរទីលំនៅរបស់ពួកគាត់ ទៅរស់នៅ លើដីកម្មសិទ្ធិស្របច្បាប់ នៅតាមប្រឡាយស្ទឹងមានជ័យវិញ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ក្នុងអង្គសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ របាយការណ៍ នៃការសិក្សាទិន្នន័យមូលដ្ឋាន នៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យ និងការរៀបចំយុទ្ធសាស្ត្រ ស្វែងរកការគាំទ្រមតិលើវិស័យរៀបចំផែនការ នគរូបបនីយកម្មនិងការគ្រប់គ្រងដីធ្លីនាព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ក្នុង២ទសវត្សរ៍មកនេះ រាជធានីភ្នំពេញមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចកើនឡើង កំណើនយានយន្ត កំណើនប្រជាពលរដ្ឋក៏បានកើនឡើងដូចគ្នាដែរនោះ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានចំណាកស្រុក មករស់នៅរាជធានីភ្នំពេញ យ៉ាងគំហុកផងដែរ ខណៈដែលប្រទេសកម្ពុជា បានធ្វើសមាហរណកម្មចូលគ្នា បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន មកសង់លំនៅដ្ឋាននៅលើដីសាធារណៈរបស់រដ្ឋ ។ ជាក់ស្តែងប្រឡាយស្ទឹងមានជ័យ ក៏ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារ បានមករស់នៅលើប្រឡាយ ដែលធ្វើឲ្យកកស្ទះចរន្តទឹកហូរ និងធ្វើឲ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀង នៅភាគខាងលិចរាជធានីភ្នំពេញ ។
ជុំវិញ បញ្ហាប្រឈមនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការណែនាំដឹកនាំពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យថ្នាក់ក្រោមជាតិ រៀបចំអភិវឌ្ឍន៍សហគមន៍ ឲ្យបាន១០០សហគមន៍ក្នុងមួយឆ្នាំ។ ពាក់ព័ន្ធនឹងការរៀបចំអភិវឌ្ឍន៍សហគមន៍ក្រីក្រនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអភិវឌ្ឍសហគមន៍ស្ទឹងមានជ័យ នៅនឹងកន្លែងដោយប្រជាពលរដ្ឋ ទទួលបានដីស្របច្បាប់ នៅអមប្រឡាយស្ទឹងមានជ័យនេះតែម្តង ហើយប្រឡាយស្ទឹងជ័យ ត្រូវបានស្ថាបនាឡើង ដោយបុកស៊ីផាយជញ្ជាំងប្រឡាយ ជាមួយនឹងការកសាងផ្លូវអមសងខាងប្រឡាយនេះផងដែរ ។ បើគិតមកដល់ពេលនេះ ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ បានជិតឈានដល់ទីបញ្ចប់ហើយ គឺនៅក្នុងដំណាច់ខែកក្កដា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស ឲ្យទៅស្នាក់នៅក្រោមស្ពានស្ទឹងមានជ័យ ជាបណ្ដោះអាសន្ននោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ជូនឲ្យពួកគាត់ មករស់នៅលើដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់វិញ ដែលសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រទានកម្មឲ្យពួកគាត់ នៅដីមួយឡូត៍នៅតាមបណ្ដោយប្រឡាយស្ទឹងមានជ័យនេះ។
លោកឃួង ស្រេង បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការអភិវឌ្ឍសហគមន៍ក្រីក្រ ដូចគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋជាង១០០គ្រួសារ ស្មើនឹង៨៧ខ្នងផ្ទះ នៅសហគមន៍បន្ទាយស្លឹក ដែលពួកគាត់រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ជាង២០ឆ្នាំកន្លងមកនេះ ។ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ដីឡូត៍ថ្មី ដីទំហំ ៤ម៉ែត្រគុណ ១៥ម៉ែត្រ ក្នុងមួយខ្នងផ្ទះ ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយប្រជាពលរដ្ឋបានទទួលយកដោយក្តីរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា គម្រោងសាកល្បងមួយនឹងត្រូវធ្វើឡើងដើម្បីធ្វើឲ្យប្រសើរឡើងនូវការគាំទ្រទីលំនៅក្រីក្រក្នុងទីក្រុងដែលហៅថា ” សហគមន៍ប្រឡាយស្ទឹងមានជ័យ” ស្ថិតនៅក្នុងភូមិចំនួន៤ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានគោលបំណង គាំទ្រ និងអនុវត្តផែនការសកម្មភាពទីក្រុងគ្មានសំណង់មិនរៀបរយ និងការធ្វើផែនការទីក្រុងប្រកបដោយនិរន្តរភាព៕ ដោយ៖កូឡាប