ភ្នំពេញ៖ តំណាងសហជីព និងកម្មករប្រមាណ៥០នាក់ បានរួមគ្នាដាក់ញត្តិ្តនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដោយបានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ជំរុញដល់និយោជកវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ឱ្យបើកប្រាក់រំលឹកអតីតភាពការងារដល់កម្មកររបស់ខ្លួន ហើយតំណាងខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានទទួលយកញត្តិនោះ។
បើតាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ តំណាងសហជីព និងកម្មករប្រមាណ៥០នាក់ ដែលមកពីវិស័យផ្សេងៗគ្នា បានរួមគ្នាដាក់ញត្តិ្តនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី។
ញត្តិនោះស្នើដល់រាជរដ្ឋាភិបាលកម្ពុជាជំរុញដល់និយោជកវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងឱ្យបើកប្រាក់រំលឹកអតីតភាពការងារដល់កម្មកររបស់ខ្លួនដែលពួកគេត្រូវទទួលបានមុនឆ្នាំ២០១៩ និងប្រាក់រំលឹកអតីតភាពការងារក្នុងឆ្នាំ២០២០ សម្រាប់កម្មករគ្រប់វិស័យទាំងអស់ដើម្បីឱ្យពួកគេអាចផ្គត់ផ្គង់ជីវភាពរស់នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។
តំណាងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីបានទទួលយកញត្តិនោះ ៕ ដោយ៖កូឡាប