Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ការងារ ចាត់ទុក​ការបណ្តុះបណ្តាល ដើរតួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម

​ភ្នំពេញ​៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ចាត់ទុកថា វិទ្យា​សា្ថ​ន​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ពិតជា​បាន​ដើរតួនាទី​សំខាន់​ណាស់ និង​ជា​ដៃគូ​មិនអាច​ខ្វះ​បាន ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ធនធានមនុស្ស​នៅ​កម្ពុជា​។​
​នេះ​បើតាម​ប្រសាសន៍ ឯកឧត្តម អ៊ិត សំហេង ជួបពិភាក្សា​ជាមួយ​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​បច្ចេកទេស និង​វិជ្ជាជីវៈ ដឹកនាំ​ដោយ ឯកឧត្តម ណុប នរិន្ទ ជា​ប្រធាន​នា​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅ​ទីស្តីការក្រសួង​ការងារ​។​
​ឯកឧត្តម​រដ្ឋមន្ត្រី សន្យា​នឹង​រក​ពេលវេលា​ណាមួយ​សមរម្យ ដើម្បី​ចុះ​ជួប​ផ្តល់​កម្លាំងចិត្ត​ដោយផ្ទាល់​ដល់​វិទ្យាស្ថាន​ទាំងអស់ ដែល​បាន​កំពុងតែ​បិទ​សាលា​បណ្តុះបណ្តាល​របស់ខ្លួន​មួយរយៈ​កន្លងមកនេះ ដែល​កំពុង​រង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជា​សកល​នេះ​។​

​ឯកឧត្តម ណុប នរិន្ទ ប្រធាន​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​បច្ចេកទេស​និង​វិជ្ជាជីវៈ បានបង្ហាញ​ពី​វឌ្ឍនភាព​របស់​សមាគម​ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​កន្លងមកនេះ ក្នុងការ​ចូលរួម​នូវ​សកម្មភាព​សង្គម ក៏ដូចជា​បង្ហាញ​ពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​សមាគម​នេះ​បាន​ជួបប្រទះ និង​ស្នើសុំ​ឱ្យមាន​ការបើក​ឱ្យ​ដំណើរការ​ឡើងវិញ ចំពោះ​វិទ្យាស្ថាន​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង និង​ស្នើសុំ​ជ្រើសរើស និស្សិត​ឱ្យចូល​រៀន​វិញ​ដោយ​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​និង ក្រសួង​ការងារ ។

​ឯកឧត្តម​អ៊ិត សំហេង លើកឡើងថា អ្វីដែល​អាចធ្វើឱ្យ​វិទ្យាស្ថាន​អាច​ទៅមុខ​បាន​អាស្រ័យទៅលើ​ស្ថានភាព​នៃ​កូ​វីដ​១៩​នេះ ថា​តើ​បាន​ធូរស្រាល​កម្រិតណា ព្រោះ​បច្ចុប្បន្ន​វា​កំពុងតែ​វាយលុក​បណ្តា​ប្រទេស​ជាច្រើន ទាំង​ប្រទេស​អភិវឌ្ឍន៍ និង​កំពុងអភិវឌ្ឍន៍ ដែល​ធ្វើឱ្យមាន​បញ្ហា​ប្រឈម​លើ​ទីផ្សារ សេដ្ឋកិច្ច និង ទេសចរណ៍​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​រំលឹកថា កន្លងមកនេះ រាជរដ្ឋាភិបាល​បាន​គ្រប់គ្រង​ស្ថានការណ៍​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នេះ​បាន​យ៉ាង​ល្អប្រសើរ​។ រាល់​សំណើរ របស់​សមាជិក​នៃ​សមាគម​ទាក់ទង​និង​ការបើក​សាលា​ឡើងវិញ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ទទួលយក និង​ដាក់​ស្នើ​បន្ត​ទៅសុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល ប៉ុន្តែ​បើសិនជា​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ហើយ គឺ​ត្រូវតែ​ធានា​ឱ្យបាន​នូវ​លក្ខខណ្ឌ​អនាម័យ​ខ្ពស់ ហើយ​បង្កើត​ឲ្យ​មាន​ក្រុមការងារ​ចុះ​អង្កេត​គ្រប់​សាលា​ទាំង​រដ្ឋ និង​ឯកជន បើ​រកឃើញថា មិនបាន​អនុវត្តតាម​គោល​ការណែនាំ​បានល្អ​ទេ នឹងត្រូវ​ផ្អាក​វិញ​ជាបន្ទាន់​។ ទាក់ទង​នឹង​សមាគម​នេះ ត្រូវខិតខំ​ពង្រឹង​ខ្លួន ដើម្បី​ប្រកួតប្រជែង​ជាមួយ​សមាគម​ផ្សេងទៀត សំខាន់​ការឯកភាព​សាមគ្គី​ផ្ទៃក្នុង​ឲ្យ​បានល្អ គៀងគរ​ប្រមែប្រមូល​គ្រឹះស្ថាន​ទាំងអស់​ឲ្យ​ស្ថិតនៅក្នុង​សមាគម​តែមួយ ដើម្បី​រួមគ្នា​លើក​កំពស់​គុណភាព​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្លើយតប​ទៅនឹង​បរិបទ​ឧស្សាហកម្ម​៤.០​។

​ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ បាន​ឲ្យ​ដឹងថា ក្នុងដំណាក់កាល​នេះ​សំខាន់បំផុត​នោះ គឺ​ការផ្ទេរ​ចំណេះដឹង​តាម​អន​ឡាញ ដែលជា​យន្តការ​មួយ​អាច​ដោះស្រាយ​បញ្ហា​របស់​វិទ្យាស្ថាន និង​សាលារៀន​បាន ព្រោះថា​កូ​វីដ​១៩​អាច​នឹង​នៅតែ​បន្ត​យូរអង្វែង ដោយ​មកដល់ពេលនេះ​មិនទាន់មាន​ប្រទេស​ណាមួយ បង្ហាញ​វ៉ាក់សាំង​ព្យាបាល​ពិតប្រាកដ​នោះ​នៅឡើយ​ទេ​។
​យ៉ាងណា​ឯក​ឧ​ត្ត​រដ្ឋលេខាធិការ ស្នើឱ្យ​សមាគម បន្ត​ពង្រឹងសមត្ថភាព​បង្រៀន និង​រៀន​តាម​ប្រព័ន្ធ​ឌីជីថល​នេះ​ឱ្យបាន​ខ្លាំងក្លា​បន្ថែមទៀត តាម​ការវិវឌ្ឍ​របស់​បច្ចេកវិទ្យា​ពិភពលោក ធានាបាន​ការប្រកួតប្រជែង​សមត្ថភាព​ទាំង​ក្នុង​កម្រិត​ជាតិ និង​អន្តរជាតិ​៕
​ដោយ​៖CEN

×