តាកែវ៖ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ ក.ប.ប ខេត្តតាកែវ បានប្រើវិធានការក្តៅ
ទៅដល់ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ទនៈចំនួន៥ ទីតាំង ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រស្រុកបាទី ដោយបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់ ដោយលក់មិនស្មោះត្រង់ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងឱកាសចុះត្រួតពិនិត្យតម្លៃ គុណភាព និងបរិមាណ នៅតាមស្ថានីយនិងម្ចាស់ដេប៉ូប្រេងឥន្ទនៈមួយចំនួនធំ នៅបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រស្រុកបាទី និងក្រុងដូនកែវ នាថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ោ លាងគង់ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ ហៅកាត់ ក.ប.ប បានមានប្រសាសន៍ថា ការប្រើវិធានការក្តៅទៅលើម្ចាស់ស្ថានីយនិងម្ចាស់ដេប៉ូប្រេងឥន្ទនៈ ទៅកាន់តុលាការនេះ គឺដោយសារតែពួកគាត់បានដាក់លក់ខុសបរិមាណ និងគ្មានគុណភាព ក្នុងចំណោយស្ថានីយនិងដេប៉ូប្រេងសាំងចំនួន ៨ ដោយបរិមាណនេះ គឺគាត់លក់មិនគ្រប់ចំនួនលីត្រ ហើយគុណភាពនេះគឺដាក់លក់ប្រេងសាំងធម្មតាថាជាសាំងស៊ុបព៊ែរ ដូច្នោះវាមិនអនុលោមទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាពទំនិញ និងសេវា ។
លោក ប៉ោ លាងគង់ បន្ថែមទៀតថា ចំពោះម្ចាស់ស្ថានីយនិងម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៥ ទីតាំងនេះ ដែលយើងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនេះ គឺយើងទើបតែចុះពិនិត្យម្តងតែប៉ុណ្ណោះ ដូច្នោះគ្រាន់តែបញ្ជូនទៅតុលារការដើម្បីពិន័យ ប៉ុន្តែប្រសិនបើយើងពិនិត្យលើកក្រោយទៀត ឃើញនៅដដែលមិនរាងចាលនោះយើងនឹងស្នើសុំទៅកាន់លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមអយ្យការ សាលាដំបូងខេត្តតាកែវ បិទទីតាំងនោះចោលតែម្តងគឺមិនអនុញ្ញាតឲ្យប្រកបអាជីវកម្មតទៅទៀត ។
ជាមួយគ្នានេះដែរ លោកប្រធានសាខាក.ប.ប ប៉ោ លាងគង់ ក៏បានធ្វើការអំពាវនាវទៅដល់ម្ចាស់ស្ថានីយក៏ដូចជាម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំងអស់ សូមប្រកបអាជីវកម្មប្រេងសាំងនេះ ដោយស្មើភាព និងស្មោះត្រង់ដោយឈរលើគោលការណ៍ច្បាប់ជាធរមាន ពិសេសនោះ គឺដាក់លក់ប្រេងសាំងរបស់ខ្លួន ឲ្យបានត្រឹមត្រូវទាំងគុណភាព និងបរិមាណ សូមកុំបន្លំ ឬគៃបំបាត់បរិមាណប្រេងសាំងតទៅទៀត ៕ ដោយ៖តាកែវ