ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មានករណីវិជ្ជមានចំនួន ៩នាក់បន្ថែមទៀត ក្នុងចំណោមអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី មកដល់កម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលជាលទ្ធផលតេស្តវត្ថុសំណាកពួកគាត់លើកទីពីរទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងសរុបនៅប្រទេសកម្ពុជាមានចំនួន ១៦៥នាក់ , ចំនួនអ្នកជាសះស្បើយ ១៣៣នាក់, កំពុងសម្រាកព្យាបាលចំនួន ៣២នាក់ ក្នុងនោះមាន អ្នកដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី ៩នាក់ទៀត មានលទ្ធផលតេស្ត វិជ្ជមានវីរុសកូវីដ-១៩។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារការចម្លងវីរុសដ៏កាចសាហាវនេះ ឲ្យបានខ្ជាប់ខ្ជួន ហើយបុគ្គលដែលកំពុងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ទាំងអស់ ត្រូវគោរពតាមវិធានការនៅដាច់ដោយឡែកនេះ ឲ្យបានល្អ ចៀសវាងការចម្លងបន្តពីបុគ្គលម្នាក់ទៅម្នាក់ទៀត ដើម្បីការពារការចម្លងនៅក្នុងសហគមន៌។
សូមបងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្នថែមទៀត ជាពិសេសត្រូវរក្សាគម្លាត និង ធ្វើអនាម័យឲ្យបានត្រឹមត្រូវ ៕ដោយ៖កូឡាប