ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការហើយ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ ថ្ងៃ គឺចាប់ពី១៧- ២១ ខែសីហា ២០២០ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ (បើសរុបទាំងថ្ងៃចុងសប្តាហ៍ផង គឺ៩ថ្ងៃ)។
បើតាមការផ្សាយព័ត៌មាននៅលើហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឯកភាពជាផ្លូវការឲ្យកម្មករ – និយោជិក និងមន្ត្រីរាជការ បានឈប់សម្រាករយៈពេល ៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ២០២០) ជំនួស ឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ២០២០ ដែលត្រូវបាពន្យារពេលកាលខែមេសាកន្លងមកនេះ ។
ប៉ុន្តែទន្ទឹមនឹងនេះ សូមក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍, ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី ព្រមទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ដោយតម្រូវឲ្យអនុវត្តដាច់ខាត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យ នៃការចម្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ក្នុងខែ សីហា ខាងមុខនេះ៕
ដោយ៖កូឡាប