បាត់ដំបង៖ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិក្រសួងបរិស្ថាន បានស្នើអាជ្ញាធរខេត្តបាត់ដំបង និងអ្នកពាក់ព័ន្ធនានា ធ្វើការកំណត់អត្តសញ្ញាណកម្មដីធ្លី ដែលកាន់កាប់ដោយឯកជន និងជាដីរបស់រដ្ឋ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង នៅស្រុកសំឡូត ខេត្តបាត់ដំបងឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានការបកស្រាយយ៉ាងនេះយ៉ាងនោះ។
ការលើកឡើងនេះ ក្នុងឱកាសចុះទៅផ្សព្វផ្សាយ ស្តីពីការធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដីធ្លី
ដើម្បីពិនិត្យលើកយោបល់ស្វែងរកដំណោះស្រាយ លើបញ្ហាដីធ្លីនៅស្រុកសំឡូត កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។
ឯកឧត្តម ជា សំអាង បានមានប្រសាសន៍ថា ក្រុមការងារទាំងអស់ ត្រូវធ្វើយ៉ាងណាខិតខំរៀបចំការប្រើប្រាស់ដី នៅក្នុងស្រុកសំឡូត ឲ្យចប់ជាស្ថាពរដោយអនុវត្តតាមរាល់បទដ្ឋានគតិយុត្តិ តាមការណែនាំឬបទបញ្ជារបស់រាជរដ្ឋាភិបាល
លើបញ្ហាដីធ្លីនេះ។ ការដោះស្រាយការងារនេះ គឺត្រូវតែឆាប់រហ័សតាមលទ្ធភាពដែលអាចធ្វើបាន
ប្រកបដោយប្រសិទ្ធភាព ត្រឹមត្រូវ សុច្ចរិតភាព គ្រប់ភាគីទាំងអស់ទទួលយកបាន។ ក្រុមការងារជាអ្នកអនុវត្តដោះស្រាយបញ្ហា ត្រូវតែមានគណនេយ្យភាពសាមគ្គីភាពជាមួយគ្នា ហើយធ្វើការមានភាពជាក់លាក់ច្បាស់លាស់ មិនមានការបកស្រាយទើបការងាអាចចប់ ទៅដោយរលូន និងឆាប់រហ័ស។
លោកសឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានប្រាប់អាជ្ញាធរមូលដ្ឋាន ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចុះកំណត់អត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដីធ្លី នៅក្នុងភូមិសាស្ត្រស្រុកសំឡូតនេះត្រូវអនុវត្តដោយភាពស្មោះត្រង់ និងត្រូវមានការប្រុងប្រយ័ត្ន ដោយមានបញ្ជាក់លិខិតស្នាមផ្សេងៗ ជូនពលរដ្ឋ និងចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃបន្ថែមទៀតផងដែរ។
លោកសឿម ប៊ុនរិទ្ធ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធត្រូវអនុវត្តត្រឹមត្រូវ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ឱ្យបានហ្មត់ចត់ កុំមានការឃុបឃិតគ្នាដើម្បីផលប្រយោជន៍ ឬប្រការណាមួយឲ្យសោះ ហើយបើរកឃើញថាមានការឃុបឃិតគ្នាក្នុងភាពមិនប្រក្រីតណាមួយ ធ្វើឲ្យរាំងស្ទះការងាររៀបចំការប្រើប្រាស់ដី ក្នុងស្រុកសំឡូតនេះ នឹងគ្មានការលើកលែងនោះទេ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានក្រសួងបរិស្ថាន ជាសេនាធិការ បានរៀបចំប្រព័ន្ធគ្រប់គ្រងធម្មជាតិនៅតាម
តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ តំបន់ឧទ្យានជាតិសមុទ្រ និងរបៀងអភិរក្សជីវចម្រុះសរុបចំនួន ៦៩កន្លែង គ្របដណ្តប់លើផ្ទៃដី ប្រមាណជាង ៧,២លានហិកតាស្មើប្រមាណ៤១ភាគរយ នៃផ្ទៃដីសរុបរបស់កម្ពុជា មន្ត្រី ឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន១.២៦០នាក់កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិនីមួយៗ ដើម្បីល្បាតការពារនិងអភិរក្សធនធានធម្មជាតិដោយមានការចូលរួម និងកិច្ចសហការល្អពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដៃគូសហការនិងសហគមន៍មូលដ្ឋាន ៕ ដោយ៖អ៊ុងសារុំ