ព្រៃវែង ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ម្សិលមិញមានក្រុមហ៊ុនមួយ ស្នើសុំចង់នាំចូលជ្រូក១លានក្បាលពីប្រទេសថៃ មកកម្ពុជា និងទៅវៀតណាមឆ្លងកាត់កម្ពុជា ហើយសម្តេចបានបដិសេធ ប៉ុន្តែគំនិតរបស់ខ្ញុំ គឺកុំនាំចូលពីគេហើយសម្លាប់ការចិញ្ចឹមសត្វ ក្នុងប្រទេសរបស់ខ្លួន ខ្ញុំមិនយល់ស្របទេ។
ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ច នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នា២០២០។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា “ពិតមែនហើយកាលពីម្សិលមិញ មានសំណើក្រុមហ៊ុនមួយ ដែលបានបញ្ជូនមកខ្ញុំ ហើយខ្ញុំចារត្រឡប់ទៅឲ្យឯកឧត្តម វេង សាខុន និងពិភាក្សាជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ អំពីការស្នើសុំនាំចូលជ្រូករស់ពីថៃ១លានក្បាល ចូលក្នុងប្រទេសកម្ពុជា ហើយអាចផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជាហើយនាំទៅវៀតណាម។ ខ្ញុំគ្រាន់តែចារទៅឲ្យអ្នកបច្ចេកទេសសិក្សាទេ ប៉ុន្តែគំនិតរបស់ខ្ញុំ គឺកុំនាំចូលពីគេហើយសម្លាប់ការចិញ្ចឹមសត្វក្នុងប្រទេសរបស់ខ្លួន ខ្ញុំមិនយល់ស្របអាហ្នឹងទេ។ ទីបំផុតការងារធ្វើបានទៅប្រទេសថៃ ឬបានទៅប្រទេសវៀតណាម ឯយើង គឺតែប៉ុណ្ណឹងទេ”។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា “បើសិនជាយើងត្រូវការនាំចូល យើងនាំចូលតែចំនួនដែលខ្វះ។ ឥឡូវយើងខ្វះ ១៨ភាគយ បើយើងចិញ្ចឹមឲ្យគ្រប់ គឺយើងមិនចាំបាច់នាំចូលពីគេទៀតទេ ព្រោះបើទីផ្សារយើងគ្រប់ហើយ យើងចាំបាច់អីនាំចូលទៀតអី ប៉ុន្តែខ្ញុំអត់យល់ថាកាលពីម្សិលមិញ មានក្រុមហ៊ុនមួយមានបំណងនាំចូលជ្រូកពីថៃ១លានក្បាល អ៊ីចឹងបើខ្ញុំចារយល់ព្រមឲ្យក្រុមហ៊ុននោះនាំចូលជ្រូក១លានក្បាល ច្បាស់ណាស់ខ្ញុំសម្លាប់កសិករចិញ្ចឹមជ្រូកក្នុងស្រុកខ្មែរខ្លួនឯងម្តង ក្នុងពេលដែលខ្លួនដើរប្រកាសឲ្យកសិករចិញ្ចឹមជ្រូក ហើយបើយើងនាំចូលក្នុងកម្រិតណាមួយដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ប្រសិនបើយើងផ្គត់ផ្គង់វាមិនគ្រប់ អ៊ីចឹងបានជាយើងយកឱកាសនេះខិតខំ ចិញ្ចឹមផ្គត់ផ្គង់ខ្លួនឯងឲ្យគ្រប់ រួចហើយមានតម្រូវការនាំចេញ គឺយើងចូលរួមការនាំចេញសម្រាប់ ផ្គត់ផ្គង់ឲ្យទីផ្សារនៅក្រៅប្រទេស ពីព្រោះទីផ្សារនៅក្រៅប្រទេស ដូចជាហុងកុង សាំហ្គាពួរ ត្រូវការនូវសាច់សម្រាប់ផ្គត់ផ្គង់ ពីព្រោះពួកគាត់អត់មានកន្លែងចិញ្ចឹមសត្វទេ ដូច្នេះពួកគាត់ត្រូវការសាច់ជ្រូក អ៊ីចឹងទេយើងជំរុញការនាំចេញត្រឡប់ទៅវិញ”៕ ដោយ៖កូឡាប