ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ និងប្រធាន អនុប្រធានការិយាល័យ អង្គភាព ចំណុះសាលាខេត្តរួមនឹងមន្ត្រីពាក់ព័ន្ធនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃសំណង់សាលាឃុំ ដែលសាងសង់រួចរាល់ និងកំពុងសាងសង់ ព្រមទាំងបានជួបសំណេះសំណាលជាមួយមេឃុំ ក្រុមប្រឹក្សាឃុំ ស្ថិតនៅសាលាឃុំសង្កែ សាលាឃុំកំពង់អំពិល ក្នុងស្រុករំដួល និងសាលាឃុំអណ្តូងពោធិ៍ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។
ក្រៅពីមានប្រសាសន៍ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការងារអភិវឌ្ឍខេត្ត និងការផ្តាំផ្ញើដល់ក្រុមប្រឹក្សា ឲ្យខិតខំយកចិត្តទុកដាក់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានត្រឹមត្រូវតាមនីតិវិធី ចំគោលដៅ ចំមុខសញ្ញា ប្រកបដោយតម្លាភាពសម្រាប់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។ លោកអភិបាលខេត្ត ក៏បានជម្រាបជូនដល់ក្រុមប្រឹក្សាឃុំ អំពីការចងក្រងប្រវត្តិខេត្ត ក្រុង ស្រុក ដែលលោកផ្ទាល់ បានដឹកនាំរៀបចំរាល់ហើយ កាលពីពេលកន្លងមក ហើយបច្ចុប្បន្នកំពុងចងក្រងនូវសៀវភៅប្រវត្តិឃុំសង្កាត់ ក្នុងខេត្តស្វាយរៀងបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងទុកឲ្យកូនចៅជំនាន់ក្រោយសិក្សាស្វែងយល់ ព្រមទាំងតម្កល់ទុកនៅតាមបណ្ដាសាលាឃុំ សង្កាត់នីមួយៗផងដែរ ៕ដោយ៖វ៉ៃកូ