ព្រំដែន៖ ភាគីថៃ បានបញ្ជាក់អំពីបទបញ្ជាថ្មីរបស់រដ្ឋបាលខេត្តស្រះកែវ អនុញ្ញាតឲ្យធ្វើការនាំទំនិញចូល-ចេញ គ្រប់ប្រភេទ រវាងប្រទេសកម្ពុជា និងប្រទេសថៃ លើកលែងតែទំនិញ ដែលប្រទេសហាមឃាត់។
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៣០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានចូលរួមកិច្ចប្រជុំជាមួយភាគីថៃ អំពីការងារផ្សព្វផ្សាយ និងការអនុវត្តបន្ធូរបន្ថយដំណើរការឆ្លងកាត់ រវាងច្រកទ្វារព្រំដែនអន្តរជាតិ បានខៅឌីន និងច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី នៅអគារទំនាក់ទំនងទាហានឈុតខ្មៅ។
កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីសហការី ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី, លោកប្រធានការិយាល័យគយ និងរដ្ឋាករ, លោកប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងលោកប្រធានចត្តាឡីស័កប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី។
ក្នុងកិច្ចប្រជុំនេះផងដែរ ភាគីថៃក៏បានបញ្ជាក់អំពីបទបញ្ជាថ្មីរបស់រដ្ឋបាលខេត្តស្រះកែវ ស្ដីពីការអនុញ្ញាតឲ្យធ្វើការនាំទំនិញចូល-ចេញ គ្រប់ប្រភេទ រវាងប្រទេសកម្ពុជា និងប្រទេសថៃ (លើកលែងតែទំនិញ ដែលប្រទេសហាមឃាត់) និងបានបន្ថែមពេលវេលាក្នុងការបើកច្រកទ្វារព្រំដែន ចាប់ពីវេលាម៉ោង ០៦និង០០នាទី ដល់ម៉ោង ១៨និង០០នាទី ជារៀងរាល់ថ្ងៃ។
ចំពោះអ្នកបើករថយន្តដឹកទំនិញ និងអ្នករួមដំណើរ គឺតម្រូវឲ្យមានគ្នាមិនលើស ២នាក់ ត្រូវមានលិខិតបញ្ជាក់សុខភាពពីស្ថាប័នជំនាញ របស់ព្រះរាជាណាចក្រថៃ និងមានការត្រួតពិនិត្យសុខភាព ពីមន្ត្រីចត្តាឡីស័ក ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី នៅពេលធ្វើការឆ្លងកាត់ព្រំដែន សម្រាប់មធ្យោបាយដឹកជញ្ជូន ត្រូវបាញ់ថ្នាំសម្លាប់មេរោគឲ្យបានត្រឹមត្រូវ មុនពេលឆ្លងកាត់ ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃវីរុសកូវីដ-១៩៕ ដោយ៖កូឡាប