ភ្នំពេញ ៖ ចំនួន ៦១% នៃអ្នកដឹកនាំស្រី្ត និងអ្នកធ្វើជំនួញក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម គឺជាស្ត្រី ដែលជាអត្រាខ្ពស់ ក្នុងបណ្តាប្រទេសអាស៊ាន។
នេះជាការលើកឡើង របស់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងសិក្ខាសាលា ស្តីពី «សហគ្រិនស្ត្រីក្នុងសហគ្រាសខ្នាតតូច និងមធ្យម ក្នុងអំឡុងពេល និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩»
លោកជំទាវ បានឱ្យដឹងថា សហគ្រិននិងអាជីវករស្ត្រីនៅកម្ពុជា នៅតែប្រឈមជួបឧបសគ្គជាច្រើន ជាពិសេសនៅតាមតំបន់ទីជនបទ។
លោកជំទាវ អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា ពេលវិបត្តិកូវីដ-១៩នេះ សហគ្រាសខ្នាតតូច និងមធ្យម ដែលមានស្ត្រីជាម្ចាស់អាជីវកម្ម កំពុងស្ថិតក្នុងចំណុច ដែលងាយរងផលប៉ះពាល់ខ្ពស់ ឬអាចខូចខាត នៅពេលដែលយើងឈានទៅដំណើរការពិភពសេដ្ឋកិច្ច នៅក្រោយវិបត្តិកូវីដ-១៩ ។
លោកជំទាវ បានឲ្យដឹងទៀតថា ក្នុងបរិការណ៍បច្ចុប្បន្ន ការសិក្សាស្រាវជ្រាវ បានបង្ហាញថា ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់អវិជ្ជមាន លើស្ត្រីច្រើនជាងបុរស ទាំងក្នុងវិស័យសេដ្ឋកិច្ចនិងសង្គម ជាពិសេសស្ត្រី នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្ត្រីភាគច្រើន មានការងារនៅក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយអាចមិនបានទទួល នូវការឧបត្ថម្ភ ពីកម្មវិធីគាំពារសង្គម ដោយជាធម្មតាកម្មវិធីនេះ គ្របដណ្ដប់តែលើកម្មករនិយោជិតសេដ្ឋកិច្ច ក្នុងប្រព័ន្ធប៉ុណ្ណោះ។
ពីរទសវត្សរ៍កន្លងមកនេះ ការរីកចម្រើននៃកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា រួមទាំងការលើកកម្ពស់សមភាពយេនឌ័រ បានរុញច្រានមនុស្សជាច្រើន ចាកចេញពីភាពក្រីក្រ, ប៉ុន្តែបើតាមរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បញ្ហាវិបត្តិកូវីដ-១៩ អាចនឹងបង្កឱ្យពួកគាត់ ត្រឡប់ចូលក្នុងភាពក្រីក្រវិញ ផងដែរ៕
ដោយ៖CEN