ភ្នំពេញ៖បុរសម្នាក់មានវ័យជាង 30 ឆ្នាំមិនដឹងមានវិបត្តអ្វី បានជាមកធ្វើអត្តឃាតសម្លាប់ខ្លួននៅលើដើមពោធិ៍ មុខវត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តសេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងទីតាំងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង 12 និង 00 នាទីថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2020 ស្ថិតនៅត្រង់ចំណុចមុខវត្តឃោសាចារ្យ ហៅវត្តសេះ តាមបណ្ដោយផ្លូវលេខ 47 ភូមិ14 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះដែលចងកសម្លាប់ខ្លួន នៅលើដើមពោធិ៍ខាងលើ មិនទាន់ដឹងនូវអត្តសញ្ញាណនៅឡើយទេ ត្រឹមតែដឹងថា មានវ័យប្រហែលជាង 30 ឆ្នាំសម្បុរសណ្ដែកបាយ កម្ពស់១,៦០ម៉ែត្រ ពាក់អាវយឺតដីខ្លីពណ៌សឆ្នូតដៃអាវ និងក៏អាវខ្មៅលាលក្រហម ស្លៀកខោខូវប៊យជើងវែង មានសាក់រូបឥន្ទ្រីដៃខាងឆ្វេង។
តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នាវេលាព្រឹក ឃើញជនរងគ្រោះមកអង្គុយនៅខាងក្រោមដើមពោធិ៍ កន្លែងកើតហេតុខាងលើ ដោយសភាពទឹកមុខជនរងគ្រោះស្រងូតស្រងាត់ ហើយក៏បានដើរចុះឡើងរួមទាំងយករកទូរស័ព្ទរបស់បងប្អូនប្រជាពលរដ្ឋ ខលនិយាយមិនដឹងថា គាត់ទាក់ទងទៅខាងណានោះទេ ហើយមកដល់វេលាម៉ោង 12 និង 30 នាទីស្រាប់តែមានពូម៉ូតូឌុបម្នាក់ គាត់ជាអ្នករត់ម៉ូតូឌុប មកឈប់នៅខាងក្រោមដើមពោធិ៍ ដើម្បីចាប់ម៉ូយ ខណៈពេលដែលគាត់មិនបានចាប់អារម្មណ៍ ក៏បានក្រឡេកទៅលើដើមពោធិ៍ ក៏ប្រទះឃើញជនរងគ្រោះធ្វើអត្តឃាតស្លាប់ នៅលើដើមពោធិ៍បាត់ទៅហើយ ក៏បានស្រែកឆោឡោផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកន្លែងកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច័យ បានពិនិត្យទៅលើសពជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ ដោយសារចងកខ្លួនឯងពិតប្រាកដមែន។
ក្រោយកើតហេតុ ពិនិត្យសពរួច សមត្ថកិច្ចបានយកសពជនរងគ្រោះ ទៅតម្កល់ទុកជាបណ្តោះអាសន្ន នៅវត្តទួលអស់លោក រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖មីដា ផាន់ណា