ភ្នំពេញ ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Miyao Masahiro ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំកម្ពុជា បានពិភាក្សាការងារអំពីការសហការរវាងស្ថាប័នទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងធុរកិច្ច និងការវិនិយោគលើកវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ របស់ធុរជនប្រទេសទាំងពីរ។
លោក Miyao Masahiro បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីការងាររបស់អង្គការ JETRO នៅកម្ពុជាចាប់ពីឆ្នាំ២០១០មក ដោយបានដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជា។ ជាមួយនឹងការប្រឈមនឹងបញ្ហាកូវីដ១៩ លោក Miyao Masahiro បានលើកឡើងអំពីសារសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញទំនាក់ទំនងធុរកិច្ច និងការវិនិយោគ ព្រមទាំងអាចជួយធុរជនជប៉ុននិងកម្ពុជាជួបស្វែងយល់ ផ្លាស់ប្តូរព័ត៌មាន ព្រមទាំងអាចចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នា។
ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានលើកឡើងថា នេះគឺជាពេលវេលាដ៏ល្អដែលយើងត្រូវធ្វើឌីជីថលនីយកម្ម ដើម្បីសម្រួលការងារខណៈដែលជំងឺឆ្លងកូវីដ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញពីកាលានុវត្តភាពក្នុងការធ្វើការជាមួយគ្នារវាងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងធុរកិច្ចថ្មីក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ជាមួយក្រុមហ៊ុនឯកជនជប៉ុន។
ឯកឧត្តមរដ្ឋមន្ត្រី ចង់ឱ្យមានមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលជប៉ុន ដែលអាចបង្ហាញនូវបច្ចេកវិទ្យាទំនើបៗរបស់ជប៉ុន ដល់វិនិយោគិនវ័យក្មេងរបស់កម្ពុជា និងឈានទៅដល់ការចាប់ដៃគូវិនិយោគជាមួយគ្នា ផងដែរ៕ ដោយ៖ CEN