ភ្នំពេញ៖ របាយការណ៍ផ្សេងៗបានប៉ាន់ប្រមាណថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចចំនួន ៣០០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំ ពីហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអ៊ិនធឺណិតរបស់ក្រុមហ៊ុន Facebook
ការវិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់អ៊ិនធឺណិតរបស់ក្រុមហ៊ុន Facebook នឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ច ដល់តំបន់អាស៊ីអាគ្នេយ៍ចំនួនជាង ៧០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ បើយោង តាមរបាយការណ៍ចេញផ្សាយនាពេលថ្មីៗនេះ ដោយក្រុមហ៊ុន Analysis Mason ដែលជាក្រុមហ៊ុនស្រាវជ្រាវ លំដាប់ពិភពលោកឈានមុខគេមួយ។
មួយភាគធំនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនេះ គឺបានមកពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Facebook លើបណ្ដាញ ខ្សែកាបក្រោមបាតសមុទ្រ បណ្ដាញទូរគមនាគមន៍ edge networks និងបណ្ដាញទំនាក់ទំនង Open Transport Networks សម្រាប់ផ្គត់ផ្គង់បច្ចេកវិទ្យាខ្សែកាបអុបទិក។ កម្មវិធីទាំងនេះជួយឱ្យគេអាចចែកចាយអ៊ិនធឺណិតដែលមានគុណភាព បានកាន់តែមានប្រសិទ្ធភាព ដូច្នេះក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយ នឹងអាចផ្គត់ផ្គង់សេវាអ៊ិនធឺណិតរបស់ខ្លួនជូនទៅកាន់អតិថិជន បានកាន់តែទូលំទូលាយ កាន់តែមានប្រសិទ្ធភាព និងចំណាយកាន់តែតិចជាងមុន។
បើនិយាយចំពោះប្រទេសកម្ពុជាវិញ ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអ៊ិនធឺណិតរបស់ក្រុមហ៊ុន Facebook រួមមានដូចជា caching servers ឫ បណ្ដាញទូរគមនាគមន៍ edge networks ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កម្ពុជាតាមរយៈការអនុញ្ញាតឲ្យ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិតក្នុងស្រុក អាចតភ្ជាប់ទៅកាន់មាតិកា Facebook ពីបណ្ដាញផ្គត់ផ្គង់ដែលកាន់តែជិតជាងមុន។
កត្តានេះនឹងជួយឱ្យក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក អាចកាត់បន្ថយការចំណាយលើការតភ្ជាប់បណ្ដាញ អ៊ិនធឺណិត ពីក្រៅប្រទេស ការចំណាយលើបណ្ដាញឆ្លងកាត់ ជួយឱ្យអ្នកប្រើប្រាស់អាចប្រើអ៊ិនធឺណិតបាន កាន់តែមានលំនឹង និងជួយឱ្យមានអ្នកប្រើអ៊ិនធឺណិតកាន់តែច្រើនឡើង។
របាយការណ៍ដដែលបានព្យាករណ៍ថា បើគិតចាប់ពីឆ្នាំ ២០២០ រហូតដល់ ឆ្នាំ ២០២៤ កម្ពុជានឹងទទួលបាន អត្ថប្រយោជន៍សេដ្ឋកិច្ចចំនួន ៣០០ លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងផលិតផលសរុបក្នុងស្រុក (GDP) របស់ខ្លួន ពីគម្រោងបណ្ដាញទូរគមនាគមន៍ edge network របស់ក្រុមហ៊ុន Facebook។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Facebook កំពុងស្វែងរកគម្រោងថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យអ៊ិនធឺណិតនៅកម្ពុជា ពីព្រោះក្រុមហ៊ុននឹងបន្តប្ដេជ្ញា នាំយកសេវាអ៊ិនធឺណិតដែលកាន់តែលឿនជាងមុន មកជូនប្រជាពលរដ្ឋបានប្រើប្រាស់ កាន់តែច្រើននាក់៕
ដោយ៖CEN