គិតមកត្រឹមដើមខែកក្កដា ឆ្នាំ២០២០ ទូទាំងខេត្តកំពង់ស្ពឺ មានរោងចក្រធុនធំចំនួន ១៦១រោងចក្រ ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន១២០.៧៣៤ នាក់ ស្រី ៩៨.៦៨៤ នាក់ ។ នេះបើយោងតាម អភិបាលខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងសន្និសិទសារព័ត៌មាន ស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ លោកអភិបាលខេត្ត វ៉ី សំណាង និយាយថាខេត្តកំពង់ស្ពឺមាន រោងចក្រកំពុងដំណើរការចំនួន ១៤៣មូលដ្ឋាន, រោងចក្រកំពុងសាងសង់ ចំនួន ១៨ មូលដ្ឋាន។
លោកបន្តថា វិស័យសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម សរុបមានចំនួន ១.៥០៨ មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន១៣.៣៩៥ នាក់ ស្រីចំនួន ៦.២៨១នាក់ ។ បច្ចុប្បន្ននៅក្នុងខេត្តនៅពុំទាន់មានអង្គភាពរដ្ឋាករទឹកនៅឡើយទេ ប៉ុន្តែមានស្ថានីយ៍ផលិត និងផ្គត់ផ្គង់ទឹកស្អាតដែលវិនិយោគដោយក្រុមហ៊ុនឯកជនសរុបចំនួនប្រមាណ ៥០ មូលដ្ឋាន ផ្គត់ផ្គង់ដល់ ប្រជាពលរដ្ឋប្រើប្រាស់ចំនួន៦០.៦៣៧ គ្រួសារ ស្មើនឹង ៣២,១៥% នៃចំនួនគ្រួសារសរុបទូទាំងខេត្ត។ ដោយឡែក នៅទីប្រជុំជនក្រុងច្បារមន ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ចំនួន ៨.៨៤១ គ្រួសារ ស្មើនឹង ៨៨,១៧%។
លោកសំណាងបន្តថា៖«ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ អ្នកវិនិយោគបាននិងកំពុងសាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាត ពង្រីកនាឡិកាថ្មី ពង្រីកបណ្តាញមេ និងពង្រីកបណ្តាញចែកចាយ ដើម្បីចូលរួមអនុវត្តគោលនយោបាយទឹកស្អាតក្នុងការសម្រេចគោលដៅនៅឆ្នាំ២០២៥ ដល់ប្រជាពលរដ្ឋ»៕
ដោយ៖CEN