ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា បានមានប្រសាសន៏ថា ការអនុវត្តកម្មវិធីសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋក្រីក្រមានប័ណ្ណសមធម៌សម្រេចបាន ៩៣% មានគ្រួសារទទួលផលជាង៥២ម៉ឺនគ្រួសារ លើទិន្នន័យសរុបជាង៦៥ម៉ឺនគ្រួសារ មានសមាជិកជិត ២លាន ៣សែននាក់ និងចំណាយថវិកាប្រមាណជាង២៥លានដុល្លារ ដែលអត្រានៃការអនុវត្តនេះ បង្ហាញអោយឃើញយ៉ាងច្បាស់ថា ជាការអនុវត្តប្រកបដោយជោគជ័យមិនអាចខ្វះបានពីការចូលរួមគាំទ្រ គ្រប់ភាគីពាក់ព័ន្ធ និងការចូលរួមរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជំរុញទាំងការកំណត់អត្តសញ្ញាណជនក្រីក្រ ទាំងការបើកប្រាក់ដល់អ្នកទទួលផល ការផ្សព្វផ្សាយកម្មវិធី និងការចុះដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងអំឡុងជុំទី១នៃការផ្តល់សាច់ប្រាក់នេះ។
ឯកឧត្តម វង សូត លើកឡើងដូចនេះ ក្នុងសិក្ខាសាលាស្តីពី និតិវិធី និងដំណើរការនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធកូវីត១៩ ជូនអភិបាលក្រុង ស្រុក ខណ្ឌ នៅទីស្តីការក្រសួងសង្គមកិច្ច។
ឯកឧត្តម វង សូត បានបន្តថា កម្មវិធីសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋក្រីក្រមានប័ណ្ណសមធម៌ គឺកម្មវិធីអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃរីករាលដាលជំងឺកូវីដ១៩ សម្រាប់គ្រួសារដែលមានប័ណ្ណសមធម៌ កម្រិតក្រីក្រ ប្រភេទ១ និង ប្រភេទ២ ហើយការអនុវត្តមានលក្ខណៈជាអន្តរវិស័យ ពិសេសការផ្តល់តួនាទីដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ក្នុងការផ្ទៀងផ្ទាត់ និងធានានូវនិរន្តរភាពនៃការផ្តល់សេវាប្រចាំថ្ងៃ ដោយប្រើប្រាស់យន្តការ ដែលមានស្រាប់ រួមជាមួយការអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូន ស្រី្តមានផ្ទៃពោះ និងកុមារមានអាយុក្រោម២ឆ្នាំ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការចំណាយ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។
ឯកឧត្តម បានបន្តទៀតថា សិក្ខាសាលានៅពេលនេះ ពិតជាសារសំខាន់ក្នុងការអនុវត្ត ឲ្យមានប្រសិទ្ធភាពនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងពេលប្រយុទ្ធនឹងកូវីដ១៩ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល សម្រួលដល់ការលំបាករបស់ជនក្រីក្រ ជាពិសេសស្មារតីយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមិនទុកឲ្យប្រជាជនណាម្នាក់ត្រូវបោះបង់ចោលដោយមិនបានដឹងនោះទេ ហើយពេលនេះក៏ជាការពង្រឹងសមត្ថភាពបន្ថែមរបស់ អភិបាល គ្រប់ស្រុក ខណ្ឌ ដែលមានតួនាទីដ៏សំខាន់ក្នុងការជំរុញការអនុវត្តតួនាទីជនបង្គោលនៅតាមឃុំ សង្កាត់ សំដៅធានាការផ្តល់អត្ថប្រយោជន៍ និងដោះស្រាយបណ្តឹងនានារបស់អ្នកទទួលផល នៅថ្នាក់ក្រោមជាតិ ។ ដើម្បីជំរុញការអនុវត្តកម្មវិធីនេះ នៅជុំទី២និងជុំបន្តបន្ទាប់ទៀត តបតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ៕
ដោយ៖CEN