ប្រទេសអារ៉ាប់រួមបានចាបផ្តើមបេសកកម្មលើកដំបូងរបស់ខ្លួនទៅកាន់ភពអង្គារ (Mars) កាលពីព្រឹកថ្ងៃចន្ទនេះ ខណៈដែលប្រទេសនេះខិតខំអភិវឌ្ឍន៍សមត្ថភាពបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ និងការងាកចេញពីការពឹងផ្អែកទៅលើប្រេង។
បេសកកម្ម Hope Probe បានហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima របស់ជប៉ុននៅម៉ោង ១:៥៨នាទីព្រឹក ម៉ោងនៅអារ៉ាប់រួម (ម៉ោង ៦:៥៨ព្រឹកនៅជប៉ុន) សម្រាប់ការធ្វើដំណើររយៈពេល ៧ខែទៅកាន់ភពក្រហម ដែលវានឹងហៅចូលគន្លងភពអង្គារ និងធ្វើការបញ្ជូនទិន្នន័យពីបរិយាកាសនៅទីនោះត្រឡប់មកផែនដីវិញ។
ការផ្សាយផ្ទាល់ពីការបាញ់បង្ហោះគ្រាប់រុកកែត បង្ហាញថា រ៉ុកកែតនោះមិនមានផ្ទុកមនុស្សឡើយ។
បេសកកម្មលើកដំបូងរបស់ប្រទេសអារ៉ាប់រួមទៅកាន់ភពអង្គារ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៤ កក្កដា ប៉ុន្តែត្រូវបានផ្អាក ២ដងដោយសារតែបញ្ហាអាកាសធាតុ។
អង្គការណាសា (NASA) បានឲ្យដឹងថា នៅក្នុងខែតុលា ភពអង្គារនឹងស្ថិតនៅចំងាយ ៦២,០៧ លានគីឡូម៉ែត្រពីផែនដី។
បេសកកម្ម Hope Probe ត្រូវគេរំពឹងថានឹងទៅដល់គន្លងភពអង្គារនៅមុនខែកុម្ភៈ ឆ្នាំ ២០២១។
សូមបញ្ជាក់ថា បច្ចុប្បន្នមានបេសកកម្មចំនួន ៧ដែលកំពុងរុករកភពអង្គារ។ បេសកកម្មខ្លះស្ថិតនៅគន្លង និងខ្លះទៀតបានចុះចតនៅលើផ្ទៃភពអង្គារតែម្តង។ ចិន និងអាមេរិច ក៏មានគម្រោងបញ្ជូនបេសកកម្មមួយទៀតនៅឆ្នាំនេះ ដោយឆ្លៀតចាប់យកឱកាសអំឡុងពេល ដែលផែនដី និងភពអង្គារស្ថិតនៅជិតគ្នា៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNA