បាត់ដំបង៖ ការបង្កបង្កើនផលស្រូវស្រាលរបស់ប្រជាកសិករ បានមានសន្ទុះលើសផែនការ បើគិតត្រឹមជាងពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២០ នៅក្នុងខេត្តបាត់ដំបង ទោះបីជាល្បាយទឹកភ្លៀងមានការថយចុះជាងឆ្នាំកន្លងទៅក៏ដោយ។
លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឲ្យដឹងថា នៅដើមឆ្នាំ២០២០នេះ បរិមាណទឹកភ្លៀងធ្លាក់ នៅក្នុងខេត្តបាត់ដំបង បើគិតត្រឹមរយៈពេលពាក់កណ្ដាលខែកក្កដា បានមានការថយចុះជាងឆ្នាំកន្លងទៅ ប៉ុន្តែការបង្កបង្កើនស្រូវមានសន្ទុះខ្លាំង ដោយការធ្វើស្រែគ្រប់ប្រភេទសម្រេចបាន ជាង៧០ភាគរយនៃផែនការ។ ដោយឡែកនៅឆ្នាំ២០២០នេះ មន្ទីរកសិកម្ម បានដាក់ផែនការធ្វើស្រូវប្រាំង ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ធ្វើឲ្យបានប្រមាណ១០ម៉ឺនហិកតា ប៉ុន្តែគិតមកដល់ជាងពាក់កណ្ដាលខែកកក្កដា កសិករបានធ្វើស្រូវស្រាលកើនឡើងដល់ជាង១៦ម៉ឺនហិកតា គឺលើសផែនការច្រើន ។
លោក ឈឹម វជ្ជរ៉ា បានបញ្ជាក់ថា បើទោះបីមានភ្លៀងធ្លាក់រាយប៉ាយ សឹងគ្រប់តំបន់ ប៉ុន្តែរហូតមកដល់ពេលនេះ ក៏មានស្រូវរបស់កសិករក្នុងខេត្តបាត់ដំបង បានជួបនូវបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពជាបណ្ដើរៗផងដែរ ប៉ុន្តែមិនទាន់មានសភាពធ្ងន់ធ្ងរ ។
គួរបញ្ជាក់ផងដែរថា ក្នុងឱកាសចុះពិនិត្យមើលការផលិតស្រូវពូជ ប្រភេទសែនក្រអូប របស់មន្ទីរកសិកម្មខេត្ត នៅចំណុចអាងពោធិ៍ ស្ថិតក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ជំរុញទៅមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ខិតខំជួយដោះស្រាយបញ្ហាខ្វះខាតទឹកដាក់ស្រែរបស់កសិករ នៅទូទាំងខេត្តឲ្យអស់ពីលទ្ធភាព ៕ ដោយ៖អ៊ុងសារុំ