Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ​៖ ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ គឺ​ដើម្បី​ឲ្យ​កាន់​តែមាន​វិសាលភាព​ថែមទៀត​

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង នា​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​យន្ដការ​ត្រីភាគី​បូក សម្រាប់​បន្ត​កិច្ចពិភាក្សា ការធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​ការងារ សំដៅ​សម្រេច​ឱ្យបាន​នូវ​សេចក្តីព្រាងច្បាប់​នេះ ឱ្យមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ទទួលយកបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ​។

​នាឱកាស​នោះ​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​មានប្រសាសន៍​លើកឡើងថា ស្ថិតក្នុង​បរិបទ​ដែល​វិស័យ​ឯកជន កាន់តែ​ប្រឈម​កាន់តែខ្លាំង​ទៅនឹង​លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នាំចេញ​នានា រាជរដ្ឋាភិបាល​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិស័យ​ឯកជន​ស្វែងរក​ដំណោះស្រាយ​រួមគ្នា ដើម្បី​ធានាថា​វិស័យ​ឯកជន នៅតែ​អាច​បន្ត​ធានាបាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង សហគ្រាស គ្រឹះស្ថាន​ទាំងអស់​អាច​រក្សា បាន​ដំណើរ​ផលិតកម្ម អាជីវកម្ម​របស់ខ្លួន​ប្រកបដោយ​ចីរភាព​។
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​នៅក្នុង​វេទិកា រាជរដ្ឋាភិបាល​-​វិស័យ​ឯកជន​លើក​ទី​១៨ កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ដោយបាន​ដាក់ចេញ​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច​ជា​កញ្ចប់ សំដៅ​ពង្រឹង​ភាព​ប្រកួតប្រជែង និង​ជំរុញ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​លើ​ប្រធានបទ​ចំនួន​១៥ ដែល​ក្នុងនោះ ការកែសម្រួល​ច្បាប់​ស្តីពី​ការងារ គឺជា​ការងារ​អាទិភាព​មួយ​នៅក្នុង​វិស័យ​ការងារ​។

​ស្របតាម​វិធានការ​កែទម្រង់​មុត​ស្រួច​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្កើត​ក្រុមការងារ​សិក្សា​លទ្ធភាព ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​ការងារ​ឱ្យស្រប​តាម​បរិបទ​សេដ្ឋកិច្ច​និង​សង្គម ដោយបាន​បញ្ចប់​ការសិក្សា​ជាបឋម​លើ​ភាពចាំបាច់​និង​អត្ថប្រយោជន៍ នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ ដោយបាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី នាពេល​កន្លងមក​ដើម្បី​ពិភាក្សា អំពី​លទ្ធភាព​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​នេះ​។
​ក្នុង​បរិការណ៍​នេះ ការលើកកម្ពស់​ជំនាញ សមត្ថភាព​និង​ផលិតភាព ព្រមទាំង​កិច្ច​គាំពារ​សង្គម ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​ជា​អាទិភាព​ខ្ពស់​នៅក្នុង “​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤” និង​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដើម្បី​បន្ត​ពង្រឹង​ភាព​ប្រកួតប្រជែង ជំរុញ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​និង​ធានាបាន​កំណើន​ខ្ពស់ បន្ត​ការបង្កើត​ការងារ​កាន់តែ​ប្រសើរ និង​បង្កើន​ប្រាក់ចំណូល​ប្រកបដោយ​ស្ថិរភាព​និង​បរិ​យា​ប័ន្ន ព្រមទាំង​បញ្ចៀស​បាន​នូវ​ហានិភ័យ និង​ផលប៉ះពាល់​អវិជ្ជមាន​ណាមួយ ដែល​កើតមានឡើង​ជាយថាហេតុ​។​

​សូមបញ្ជាក់​ជូន​ថា ក្រសួង​ការងារ​បានសម្រេច​បង្កើត​ក្រុមការងារ​យន្តការ​ត្រីភាគី​បូក សម្រាប់​ពិភាក្សា​ការធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​ការងារ​នេះ​ឡើង ដែលមាន​សមាសភាព​ត្រីភាគី​ក្នុង​ចំនួន​ស្មើៗ​គ្នា ដើម្បី​បន្ត​ជំរុញ​កិច្ចសន្ទនា​សង្គម​ក្នុង​ពិភាក្សា និង​ពិគ្រោះ​យោបល់​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​ការងារ សំដៅ​ជំរុញ​កំណើន​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ជាតិ និង​បង្កើន​ឱកាស​ការងារ​របស់​ក​ម្មករ​និយោជិត ស្របតាម​សេចក្ដីត្រូវការ​ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​៕
​ដោយ​៖CEN​

×