បាត់ដំបង៖ នៅតំបន់ប្រតិបត្តិការសឹករង បាត់ដំបង ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង ជូនជូននាយទាហាន ក្នុងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបងចាស់ បានឡើងមានមតិស្វាគមន៍ ដោយបានលើកឡើងពីសមិទ្ធផលមួយចំនួន ដែលអង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង សម្រេចបានក្នុងរយៈពេលកន្លងមក លើការងារកសាងអង្គភាព ការពង្រឹងសមត្ថភាពកងទ័ព តាមរយៈការហ្វឹកហ្វឺន ផ្នែកយុទ្ធវិធី អប់រំចិត្តសាស្ត្រ នយោបាយសតិអារម្មណ៍ ការកសាងជំរំស្នាក់នៅ កន្លែងធ្វើការ ផ្ទះបាយសមូហភាព និងការជួយដល់អតីតយុទ្ធជន សំដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់អតីតយុទ្ធជនឲ្យបានល្អប្រសើរ។ ឯកឧត្តម អ៊ុក ឃ្នួច បានបញ្ជាក់ថា៖ ចាប់ពីថ្ងៃបង្កើត កងឯកភាពតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបងមក អង្គភាពនេះ មានមេបញ្ជាការ ចំនួន១០រូប រួចមកហើយ ហើយឧត្តមគឺជាមេបញ្ជាការទី១១ ដែលបានចូលកាន់តំណែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៥ មកដល់ពេលបច្ចុប្បន្ននេះមមានរយៈពេល ១៦ឆ្នាំហើយ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានសំដែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីទទួលខុសត្រូវ របស់មេបញ្ជាការ មេបញ្ជាការរង នាយទាហានរង និងពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង ក្នុងដំណើរការកសាង និងពង្រឹងអង្គភាពចាប់តាំងពីការបង្កើតក្នុងឆ្នាំ១៩៧៩ ដោយទទួលបានស្នាដៃ និងសមិទ្ធផលជាច្រើន រហូតមកដល់បច្ចុប្បន្ននេះ។
ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានសម្ដែងការកោតសរសើរ ចំពោះមេបញ្ជាការចាស់ ដែលបានចូលរួមយ៉ាងសកម្មលើការងារអតីតយុទ្ធជន ដែលបងប្អូនបានលះបង់ ចំពោះជាតិមាតុភូមិ និងជាអ្នកមានគុណបំណាច់យ៉ាងធំធេង ចំពោះប្រទេសជាតិ។ តាមរយៈពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង ជូននាយទាហាន ក្នុងតំបន់ប្រតិបត្តិការសឹករងបាត់ដំបងនាពេលនោះ ឯកឧត្តម បានបញ្ជាក់ថា៖ មេបញ្ជាការអង្គភាពនីមួយៗ មិនមែនជាម្ចាស់អង្គភាពនោះទេ ភារកិច្ចរបស់មេបញ្ជាការនីមួយៗ គឺត្រូវរក្សាសមិទ្ធផល ដែលមេបញ្ជាការមុនបានកសាង និងត្រូវខិតខំកសាងបន្ថែមទៀត ដើម្បីបន្សល់ទុកឱ្យមេបញ្ជាការបន្ទាប់ បន្តបំពេញភារកិច្ច ពីព្រោះអង្គភាព នៅតែមានភារកិច្ចការពារជាតិមាតុភូមិ ការពារសុខសន្តិភាព ជូនប្រជាពលរដ្ឋ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ ការតែងតាំងនាយទាហានជាមេបញ្ជាការ បានធ្វើការវាយតម្លៃដោយផ្អែកទៅលើឆន្ទៈ សមត្ថភាពបទពិសោធន៍ការងារ សុខភាព ការទទួលខុសត្រូវភាពជាអ្នកដឹកនាំ ហើយក៏ផ្អែកទៅលើមូលដ្ឋាននៃនិរន្តរភាព របស់នាយទាហានតាមជំនាន់ ជាមួយគ្នា ដើម្បីផ្ដល់ឱកាសឲ្យគាត់សហការគ្នា ជាពិសេស ផ្តល់អទិភាពអោយអ្នកនៅក្នុងអង្គភាពពីក្រោមឡើងទៅលើ។
ឯកឧត្តម បានសំណូមពរដល់ មេបញ្ជាការតែងតាំងថ្មី រួមទាំងនាយទាហានទាំងអស់ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងជំរុញការងារអង្គភាពបន្តទៀត។ ឯកឧត្តម បានផ្តាំផ្ញើ គ្រប់បណ្ដាអង្គភាពទាំងអស់ ត្រូវដាក់ចេញនូវវិធានការសុខាភិបាល និងបំផុសឲ្យយោធិនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែរក្សាសុខភាពអនាម័យផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ក្នុងនោះធ្វើយ៉ាងណា រក្សាអោយបានស្មារតីនឹងន ដើម្បីចូលរួមអនុវត្តវិធានការដែលរដ្ឋាភិបាលដាក់ចេញ។
សូមបញ្ជាក់ថា៖ នៅក្នុងសេចក្តីសំរេចតែងតាំងផ្លាស់ប្តូមុខងារ ដែលអានដោយ ឧត្តមសេនីយ៍ត្រី ឈឹម លីន នាយការិយាល័យទី១ បានប្រកាសតែងតាំង ឧត្តមសេនីយ៍ត្រី ហូម ខ្វែក ជាមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបងថ្មី ជំនួស ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច ដែលត្រូវផ្លាស់ប្តូរទៅបំពេញភារកិច្ច នៅអង្គភាពថ្មី និងលោកវរសេនីយ៍ឯក ភើយ លំអង ជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ៕
ដោយ៖បញ្ញាស័ក្តិ