ភ្នំពេញ៖ ប្រជាពលរដ្ឋ ជាង៤០០នាក់ ស្ថិតក្នុងសហគមន៍វិមានទ្រង់ នឹងទទួលបានប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់ដែលចេញ ដោយរដ្ឋបាលរាជធានីភ្នំពេញ មិនយកថ្លៃសេវា។
នៅរសៀលថ្ងៃទី១១តុលានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរខណ្ឌនិងមន្ត្រីពាក់ព័ន្ធ មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយាដីរាជធានីភ្នំពេញ ផ្សព្វផ្សាយសេចក្តីប្រកាស តំបន់វិនិច្ឆ័យប្រជាពលរដ្ឋជាង៤០០នាក់ ស្ថិតក្នុងសហគមន៍វិមានទ្រង់ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែន សុខ។
លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយាដីរាជធានីភ្នំពេញ បានបញ្ជាក់ថា ការផ្សព្វផ្សាយសេចក្តីប្រកាសតំបន់វិនិច្ឆ័យជូនប្រជាពលរដ្ឋនេះ គឺធ្វើឡើងទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍វិមានទ្រង់ សង្កាត់ក្រាំងធ្នង់នេះ ដូច្នេះស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាមួយមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយាដីរាជធានីភ្នំពេញ ដោយត្រូវបោះបង្គោលព្រំសម្គាល់ក្បាលដីរបស់ខ្លួន ឲ្យបានច្បាស់លាស់ ហើយបើដីមានទំនាស់ប្រញាប់ដោះស្រាយ សម្របសម្រួលគ្នាឲ្យបានចប់ បើមិនដូច្នោះទេ គឺបើដីមានទំនាស់ដោះស្រាយមិនត្រូវគ្នា គឺក្រុមការងារសម្រេចខ្វៀលចេញហើយ ដែលវានឹងបង្កការលំបាលដល់បងប្អូន នៅពេលក្រោយ នៅពេលដែលបងប្អូនចង់ធ្វើប្លង់កម្មសិទ្ធិនោះ។ លោកវណ្ណា បានបន្តថា ការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ គឺរដ្ឋបាលរាជធានីភ្នំពេញ មិនទទួលសេវាទេ ក្រោយពីវាស់វែងកំណត់ចំណីផ្លូវសាធារណៈរួច បើទោះតាមច្បាប់មួយក្បាលដីប្រជាពលរដ្ឋត្រូវបង់៤០ម៉ឺនរៀលក៏ដោយ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានមានប្រាសសន៍ថា ការប្រកាសផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ហើយក្រោយពីផ្តល់កម្មសិទ្ធិរួចនោះ ប្រជាពលរដ្ឋជាម្ចាស់ដី អាចយកប្លន់ដីនេះទៅដាក់នៅធនាគារ ដើម្បីយកប្រាក់មកដោះស្រាយបញ្ហាផ្សេងៗបាន។ ប៉ុន្តែទោះជាយ៉ាងណាក្តី លោកអភិបាល បានបញ្ជាក់ថា “បើអាចចៀសវាងបាន គួរកុំយកប្លង់ដីទៅបញ្ចាំអី វាអាចមានបញ្ហាទុក្ខលំបាកច្រើន ទៅថ្ងៃក្រោយ ដូចពាក្យចាស់ថា ទឹកភ្នែកជូតក្បាលជង្គង់។ លោក បានបន្តថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍វិមានទ្រង់ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខនេះ ដីមានប៉ុន្មាន គឺរដ្ឋបាលរាជធានីប្រគល់ឲ្យប៉ុណ្ណឹង៕ដោយ៖កូឡាប