Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា មាន​រោង​ម៉ាស៊ីនកិនស្រូវ ដែល​បំពាក់​គ្រឿង​បច្ចេកវិទ្យា​ទំនើបៗ ចំនួន​ជិត ៨០ ទីតាំង​

​ភ្នំពេញ​៖ កម្ពុជា មាន​រោង​ម៉ាស៊ីនកិនស្រូវ ដែលជា​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចំនួន​ជិត​៨០ ដែល​បាន​បំពាក់​គ្រឿង​បច្ចេកវិទ្យា​ទំនើបៗ​ដូចជា​៖ ម៉ាស៊ីន​រើស​ពណ៌​ម៉ាស៊ីន​ប៉ូ​លា និង​ម៉ាស៊ីន​វេច​ខ្ចប់ បង្កើតបាន​បទដ្ឋាន​ស្តង់ដា និង​គុណភាព ដូចជា GMP HACCP និង ISO ជាដើម ហើយ​ដែលមាន​សមត្ថភាព​កិន​-​កែច្នៃ​អង្ករ បាន​ជាង ២០,០០០​តោន ក្នុង​មួយថ្ងៃ​។​

​បើតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា ក្នុងចំណោម​រោង​ម៉ាស៊ីនកិនស្រូវ​ទាំងនោះ មាន​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន ៤៤ ត្រូវបាន​វាយតម្លៃថា ជា​រោង​ម៉ាស៊ីនកិនស្រូវ ដែលមាន​ស្តង់ដារ​ខ្ពស់ សម្រាប់​ការ​វេច​ខ្ចប់ និង​នាំ​ចេញទៅ​ប្រទេស​ចិន ។​

​បច្ចុប្បន្ន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ របស់​រោង​ម៉ាស៊ីនកិនស្រូវ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ ដោយមាន​ការផ្លាស់ប្តូរ​ទម្លាប់​ស​ម្ងួ​ត​ស្រូវ ដោយ​ពឹងផ្អែក​ពន្លឺព្រះអាទិត្យ​ទៅជា​ឡស​ម្ងួ​ត​អគ្គិសនី ឬ​ដុត​អង្កាម​វិញ និង​មានការ​កើនឡើង​ដល់​៤០.០០០​តោន ក្នុង​មួយថ្ងៃ ឬ ១,២​លាន​តោន​ស្រូវ ក្នុង​មួយខែ និង​មាន​សមត្ថភាព​ស្តុក ស្រូវ ក្នុង​មួយ​វគ្គ​បាន​ជាង ១,៦​លាន​តោន​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានបង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ជា​អាទិភាព លើ​វិស័យ​ស្រូវ​អង្ករ និង​បាន​កសាង​នូវ​មូលដ្ឋាន​យ៉ាងរឹងមាំ ពី​ប្រទេស​ដែល​ខ្វះខាត​ស្បៀង ទៅជា​ប្រទេស​ដែលមាន​អតិរេក​ផ្នែក​ស្បៀងអាហារ ជាពិសេស​អង្ករ​សម្រាប់​ការនាំចេញ​តែម្តង​។​

​នៅ​ឆ្នាំ​២០០៩ កម្ពុជា បានចាប់ផ្តើម​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ បានត្រឹមតែ ១២.៦១៣​តោន ហើយ​ក្នុង​ឆ្នាំ​២០១៩ បាន​ឈានឡើង ដល់​៦២០,១០៦​តោន និង​អាច​ឈានដល់​យ៉ាងតិច​៨០០.០០០​តោន ក្នុង​ឆ្នាំ​២០២០​នេះ​។ កំណើន​នេះ​នឹង​ជំរុញ​ឱ្យ ការនាំចេញ​របស់​កម្ពុ​ជា ឈានទៅដល់​១​លាន​តោន ក្នុង​ឆ្នាំ​២០២១​ប្រកបដោយ​ចីរភាព​នៃ​កំណើន​យ៉ាងតិច ៥% ក្នុង​មួយឆ្នាំ​។​

​គួរ​បញ្ជាក់ថា ក្រោយ​ការដាក់ចេញ​គោលនយោបាយ​ស្រូវ​អង្ករ ក្រុមហ៊ុននាំចេញ និង​រោង​ម៉ាស៊ីនកិនស្រូវរ​កម្ពុជា បានទទួល​ក្តី​រីករាយ​ពី​គោលនយោបាយ​នេះ ដូចជា​៖ វិស័យ​ស្រូវ​អង្ករ ត្រូវបាន​លើកលែង​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ​។ ការលើកលែង​កម្រៃ​សេវា​ទាំងឡាយ លើ​ការនាំ​ចេញពី​ក្រសួងពាណិជ្ជកម្ម និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​។ ទទួលបាន​នូវ​ការអនុគ្រោះ​ថ្លៃ​ពិសេស សម្រាប់​ការនាំចេញ​អង្ក​រលើ​សេវា​ប្រើប្រាស់ នៅ​កំពង់ផែ​ក្រុងព្រះសីហនុ និង​កំពង់ផែ​ភ្នំពេញ​។
​ការទទួលបាន​អត្រា​ពិសេស លើ​កម្ចី​សម្រាប់​ទិញស្រូវ ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដែល​ជំរុញ​ឱ្យ​ធនាគារឯកជន​ផ្សេងទៀត ទម្លាក់​ការប្រាក់​ពី​ជាង​១២% មកដល់​ក្រោម ៨%​ក្នុង​មួយឆ្នាំ​។​

​ឈរលើ​មូលដ្ឋាន​ផ្ដល់ឱ្យ​វិស័យ​ឯកជន ពី​រាជរដ្ឋាភិបាល ដែលជា​ទុនវិនិយោគ សម្រាប់​ពង្រឹង និង​ពង្រីក​មូលដ្ឋាន​ផលិតកម្ម របស់​រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នក​នាំចេញ និង​ឈរលើ​មូលដ្ឋាន​នៃ​ភាព​បន្ស៊ាំ នៃ​ការប្រែប្រួល​ទីផ្សារ​ក្នុង​រយៈពេល​៥​ឆ្នាំ ចុងក្រោយ​នេះ កម្ពុជា​បានទទួល​នូវ​ភាពជោគជ័យ ប្រកបដោយ​ចីរភាព​រឹងមាំ ក្នុង​វិស័យ​ស្រូវ​អង្ករ សម្រាប់​ការនាំចេញ​ទៅកាន់​ទីផ្សារ អន្តរជាតិ​ចាប់ពី​ឆ្នាំ​២០២០​នេះ​តទៅ បើទោះបីជា​ស្ថានភាព​ជំងឺ​រាតត្បាត​កូ​វីដ​១៩ នៅតែ​បន្ត​ក៏ដោយ​៕
ដោយ​៖CEN

×