តាកែវ៖ លោកជំទាវ មិន មាណវី បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានព្រមៗ និងស្មើភាពគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃផង ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកឆ្នាំ២០២០នេះ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយឱ្យបានអតិបរមានូវកំណើនគ្រោះថ្នាក់ចរាចរណ៍ពីមួយឆ្នាំទីមួយឆ្នាំ កំណើនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ និងបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការងារចរាចរណ៍នេះ ។
ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តតាកែ លោកជំទាវរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រសាសន៍បន្តទៀតថា ការអំពាវនាវនេះក្នុងន័យចង់បាននូវអាត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជា ចង់ពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេស អ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រូវយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានទាំងអស់គ្នា សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា«ថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍»។
ជាចុងក្រោយលោកជំទាវ មិន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺ Covid-19 តាមរយៈការរក្សាគម្លាត ការពាក់ម៉ាសការពារ ការថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺCovid-19 កុំអោយឆ្លងរីរាលដាលចូលមកក្នុងសហគមន៍របស់យើងបានផងដែរ ៕ដោយ៖តាកែវ