ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិច បានធ្វើការចោទប្រកាន់ប្រទេសរុស្ស៊ី ថាបានសាកល្បងបាញ់អាវុធចូលទៅក្នុងលំហរអាកាស ដែលអាវុធនោះអាចត្រូវគេប្រើប្រាស់ ដើម្បីប្រឆាំងនឹងផ្កាយរណបនៅក្នុងគន្លងគោចរ។
ក្រសួងការពារជាតិរុស្ស៊ី កាលពីមុននោះបន្តិច បាននិយាយថា ខ្លួនកំពុងប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីឲ្យត្រួតពិនិត្យលើឧបករណ៍រុស្ស៊ីដែលស្ថិតនៅលំហរអាកាស។
កន្លងមក អាមេរិចបានលើកឡើងពីក្តីបារម្ភ ចំពោះសកម្មភាពផ្កាយរណបថ្មីរបស់រុស្សី។
ប៉ុន្តែជានេះជាលើកដំបូងហើយ ដែលចក្រភពអង់គ្លេសបានធ្វើការចោទប្រកាន់ អំពីការបាញ់អាវុធសាកល្បង ចូលក្នុងលំហរអាកាសរបស់ប្រទេសរុស្ស៊ី។ ការចោទប្រកាន់នោះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលការស៊ើបអង្កេតនិយាយថា រដ្ឋាភិបាលចក្រភពអង់គ្លេសមើលស្រាលខ្លាំង ចំពោះការគំរាមកំហែងដែលបង្កដោយរុស្ស៊ី។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកសន្តិសុខអន្តរជាតិ និងការមិនរីកសាយភាយអាវុធ លោក Christopher Ford បានធ្វើការចោទប្រកាន់ទីក្រុងមូស្កូពីការលាក់ពុត ក្រោយពេលរុស្សីនិយាយថា ខ្លួនចង់ពង្រីកការគ្រប់គ្រងអាវុធនៅក្នុងលំហរអាកាស។
លោកនិយាយដូច្នេះថា “ទីក្រុងមូស្កូមានគោលបំណងរឹតត្បតិសមត្ថភាពរបស់អាមេរិច ខណៈដែលរុស្សីគ្មានចេតនាបញ្ឈប់កម្មវិធីប្រឆាំងអវកាសរបស់ខ្លួនឡើយ”។
សូមបញ្ជាក់ថា អាមេរិច អង់គ្លេស រុស្ស៊ី និងចិន ស្ថិតក្នុងចំណោមប្រទេសជាង ១០០ ដែលបានប្តេជ្ញាចិត្តចំពោះសន្ធិសញ្ញាអវកាស ដែលចែងថា លំហរអាកាសខាងក្រៅនឹងត្រូវរុករកសម្រាប់គោលដៅសន្តិភាព។
សន្ធិសញ្ញាចែងទៀតថា អាវុធទាំងឡាយមិនគួរត្រូវបង្ហោះចូលគន្លង ឬក្នុងលំហរអាកាសឡើយ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC