(ទីក្រុងធានជីន ប្រទេសចិន)៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ក្នុងដំណើរបេសកកម្មទៅកាន់ទីក្រុងធានជីន លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ជួបជាមួយលោក Zhang Guoqing អភិបាលក្រុងធានជីន និងជាអនុប្រធានអគ្គលេខាធិការបក្សក្រុងធានជីន ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការជំរុញពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀត។
លោក Zhang Guoqing ដែលទើបត្រូវបានទទួលការតែងតាំងជាអភិបាលក្រុងធានជីន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ បានមានប្រសាសន៍រំលឹកពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ដែលផ្ដើមពីសម្ដេចព្រះបរមរតនកោដ្ឋ និងលោកប្រធានម៉ៅ លោកនាយករដ្ឋមន្ត្រី ជូ អេនឡាយ និងត្រូវបានបន្តពូនជ្រុំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំចិនជាបន្តបន្ទាប់។ លោក ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់នយោបាយចិន ទាំងក្នុងតំបន់ និងលើពិភពលោក។
លោក ប៉ាន សូរស័ក្ដិ បានជំរាបភាគីចិនថា ដោយសារតែរក្សាបាននូវសន្តិសុខ និងស្ថេរភាពនយោបាយល្អ កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។ លោក បានបន្តថា កម្ពុជាមានផលិតផលកសិកម្មជាច្រើន ដូចជា ដំឡូងមី ពោត ចេក អង្ករ ស្វាយចន្ទី មៀន និងស្នើឲ្យភាគីចិនទទួលទិញផលិតផលទាំងនោះ។ ឯកឧត្ដមរដ្ឋមន្ត្រី និងអភិបាលក្រុង ក៏បានយល់ស្របគ្នាថា គួរមានកិច្ចសហប្រតិបត្តិការល្អពីវិស័យសំខាន់ៗមួយចំនួន ដូចជា កិច្ចសហការរវាងកំពង់ផែធានជីន និងកំពង់ផែខេត្តព្រះសីហនុ។ ឯកឧត្ដមរដ្ឋមន្ត្រី ស្នើឲ្យមានកិច្ចសហការក្នុងវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ដោយឲ្យវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មធ្វើការជាមួយមន្ទីរអប់រំក្រុងធានជីន។
គួរបញ្ជាក់ថា ធានជីន ជាទីក្រុងកំពង់ផែដ៏ធំនៅភាគខាងជើងនៃប្រទេសចិន និងជាច្រកបញ្ចេញទំនិញពីរដ្ឋធានីប៉េកាំងផងដែរ។ បច្ចុប្បន្ន មានក្រុមហ៊ុនកម្ពុជាចំនួន ៤ កំពុងវិនិយោគនៅធានជីន និងមានក្រុមហ៊ុនចិនពីក្រុងធានជីន ចំនួន ១៦ កំពុងវិនិយោគនៅកម្ពុជា ដែលមានទុនវិនិយោគជាង ៨០០ លានដុល្លាអាមេរិក៕ ដោយ៖បញ្ញាស័ក្តិ